​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អ្នកសារព័ត៌មាន​ថៃ​

កាលពី​រសៀល ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦​គណៈបក្ស​ប្រតិភូ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​ប្រទេស​ថៃ និង​សមាគម​អ្នកសារព័ត៌មាន​ថៃ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។

កិច្ចប្រជុំ​រវាង​ភាគី​ទាំងពី​បាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចជា​៖ ទី​១-​ស្ថានការណ៍​នយោបាយ ទី​២-​ទស្សនវិស័យ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ទី​៣-​ជំរុញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ក្រមសីលធម៌ វិជ្ជាជីវៈ នៃ​ប្រទេស​ទាំងពីរ ទី​៤-​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​បញ្ហា​ព្រំដែន និង​ជនអន្តោប្រវេសន៍ ទី​៥-​លទ្ធភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ថៃ​ក្នុងការ​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ត្រឡប់មក​ចុះឈ្មោះ​បោះឆ្នោត និង​ផ្សេងៗ​មួយចំនួនទៀត​។​

​បើ​យោងតាម លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកការ​សែត​កម្ពុជា បាន​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​០៧ កញ្ញា ក៏​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីអំពី​ការផ្លាស់ប្ដូរ​កម្មវិធី​ទស្សនកិច្ច​រវាង​ក្លឹប​អ្នកកាសែត​កម្ពុជា​និង​សមាគម​អ្នកសារព័ត៌មាន​ថៃ​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​និង​គាំទ្រ​ដោយ​មូលនិធិ ខុនរ៉ាដ អាដេ​ណៅអ៊ែរ​នៅ​ភោជនីយ​ដ្នា​ន​ទន្លេបាសាក់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា ពិសេស​គាំទ្រ និង​ជំរុញ​ដល់​ការ​លើ​កម្ពស់​សេរីភាព​សារព័ត៌មាន​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ ព្រោះ​វិស័យ​សាររ​ព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អំណាច​ទី​៤ ខណៈ​អំណាចនីតិបញ្ញត្តិ​ដែលមាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ជា​អំណាច​ទី​១ អំណាចនីតិប្រតិបត្តិ​ដែលមាន​រដ្ឋាភិបាល​ជា​អំណាច​ទី​២ និង​អំណាចតុលាការ​ជា​អំណាច​ទី​៣៕

14192755_1188055841251147_4192192063230214669_n 14225425_1188055681251163_6753202661001144678_n 14233045_1188055667917831_1767475492896896227_n