ក្រុមហ៊ុន​ចិន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ

ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ស្តារ វីន​ហ្វុ​ល​(Star Winfull) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ សម្រាប់​ដាំ​ស្វាយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន​នេះ​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឃុំ​ទីពោ ត្អូញត្អែរ​ពី​ការលំបាក​ព្រោះ​គ្មាន​ផ្លូវ​សម្រាប់​ទៅ​ឃ្វាលគោ​ក្របី​និង​ល្បាត​ការពារ​ព្រៃ​សហគមន៍ ព្រោះ​ក្រុមហ៊ុន​ចិន​បាន​កាយ​ប្រឡាយ​ព្រំដី​របស់ខ្លួន​រំលោភ​យក​ដី​សាធារណៈ​យ៉ាង​គឃ្លើន​។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន Star Winfull ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ទីពោ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Star Winfull ពិតជា​បាន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ធ្វើដំណើរ​របស់​អ្នកភូមិ ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ផ្លូវ​ធ្វើដំណើរ​ទៅ​ស្រែចម្ការ ឃ្លា​ល​គោក្របី និង​ល្បាត​ការពារ​ព្រៃ​សហគមន៍​មួយកន្លែង​ឈ្មោះ ព្រៃ​ត្រពាំង​សណ្ដាន់​។ ប្រជា​សហគមន៍​ឃុំ​ទីពោ បាន​បញ្ជាក់ថា​ក្រុមហ៊ុន Star Winfull បាន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ជាង​១​ខែ​មកហើយ មិនទាន់​ឃើញ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ចុះមក​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​នោះទេ ហើយ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ អ្នកភូមិ​ដែល​រង​ផលប៉ះពាល់​បាន​អះអាងថា ផ្លូវ​ចេញពី​ភូមិ​ត្រពាំង​ត្រុំ ទៅកាន់​ព្រៃ​សហគមន៍​ត្រពាំង​សណ្ដាន់ មាន​ទទឹង​៦​ម៉ែត្រ បណ្ដោយ​ជាង​១០០០​ម៉ែត្រ ហើយ​សព្វថ្ងៃ​ក្រុមហ៊ុន Star Winfull ជីក​ផ្ដាច់​ផ្លូវ​ទទឹង​២​ម៉ែត្រ និង​ជម្រៅ​១​ម៉ែត្រ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ពួកគាត់​។

​តំណាង​ប្រជា​សហគមន៍​ឃុំ​ទីពោ បាន​ឲ្យ​ដឹងថា​ពួកគាត់​ត្រូវ​ជួប​ការលំបាក​ក្រោយពេល​ក្រុមហ៊ុន Star Winfull ជីក​កាត់​ផ្លូវ​របស់​ពួកគាត់​ដូច្នេះ​ពួកគាត់​នឹង​តវ៉ា​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ ព្រោះ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​ដោះស្រាយ​ឡើយ​។ រយៈពេល​ជាង​១​ខែ​មកហើយ​ដែល​អ្នកភូមិ​ពិបាក​ក្នុង​ការយក​គោក្របី​ទៅ​ឃ្វាល​នៅ​ដីព្រៃ​សហគមន៍​ត្រពាំង​សណ្ដាន់ ដែលមាន​ទំហំ​ជាង​១០០​ហិកតា ព្រោះ​ក្រុមហ៊ុន Star Winfull បាន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ ហើយ​មន្ត្រី​អាជ្ញាធរ​បានត្រឹមតែ​សន្យាថា​ជួយ​ដោះស្រាយ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​លទ្ធផល​អ្វី​នៅឡើយ​។ លើស​នេះ​ទៅទៀត​ក្រុមហ៊ុន Star Winfull មិន​ត្រឹមតែ​ជីក​ប្រឡាយ​បិទផ្លូវ​របស់​អ្នកភូមិ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឈូសឆាយ​បំផ្លាញ​ដើម​រំចេក​ដែល​អ្នកភូមិ​ដាំ​អម​សងខាង​ផ្លូវ​ទៀតផង​។ ដូច្នេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ មិនត្រូវ​ទុក​ឲ្យ​ក្រុមហ៊ុន​ចិន​បំពាន​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ ស្រុក​សន្ទុក តទៅទៀត​ឡើយ​៕

%e1%9e%a2%e1%9e%931-618x3181លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ  e1795005-d868-4376-86b5-a8023a00af46