អភិបាលរង​ស្រុក​កែវ​សីមា​ម្នាក់ ល្បី​ខាង​ជំរិត​យកលុយ​ពី​ឈ្មួញ​ឈើ​តាម​អំពើ​ចិត្ត​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​ស្រុក និង​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គិតតែ​ពី​រឿង​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ប៉ុណ្ណោះ គឺ​ពួកគេ​មិនដែល​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំងឡាយណា​ដែល​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺអាច​ដឹកជញ្ជូន​ឈើ​និង​ស្តុក​ឈើ​យ៉ាង​សុខ​ស្រួល​ពុំមាន​ការរំខាន​នោះទេ​។ ចំណែក​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ហើយ​មាន​ថត​រូបភាព​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ទៀតផង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំងចម្រុះ​ស្រុក​កែវ​សីមា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ហើយ​រឹបអូស​ឈើ​បេង​និង​ធ្នង់​ចំនួន​៦០​កំណាត់​។ មុន​ការបង្ក្រាប​កន្លែង​ស្តុក​ឈើ​នេះ​គេ​ឃើញ​អភិបាលរង​ស្រុក​កែវ​សីមា​ម្នាក់ ឈ្មោះ យិន សុ​ឡេង ហៅ​ភី បាន​ជិះ​រថយន្ត​ឡង់​គ្រឺ​ស័​រ​១​គ្រឿង​តាមផ្លូវ​ច្រកចូល​សាលាស្រុក​ចាស់ ចំណុច​ផ្ទះ​ដែលមាន​លាក់​ឈើ​ប្រណីត​ហើយ​មួយស្របក់​ក្រោយមក​ក៏​ឃើញ​មាន​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ទៅដល់​និង​ចាត់វិធានការ​បង្ក្រាប​ភ្លាមៗ​តែម្តង​។ ជុំវិញ​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​ម្ចាស់​ឈើ​មិន​បង់លុយ​ឲ្យ​លោក យិន សុ​ឡេង ហៅ​ភី អភិបាលរង​ស្រុក​កែវ​សីមា ទើប​អភិបាលរង​រូបនេះ​រាយការណ៍​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​។

ម្ចាស់​ឈើ​ដែល​ត្រូវ​កម្លាំងចម្រុះ​បង្ក្រាបបាន​ឲ្យ​ដឹងថា កន្លងមក​គាត់​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មួយខែៗ​២​ទៅ​៣​លាន​រៀល ហើយ​មុនពេល​បង្ក្រាប​អភិបាលរង​ស្រុក​កែវ​សីមា ឈ្មោះ យិន សុ​ឡេង ហៅ​ភី បានមក​និយាយ​ជាមួយ​គាត់​សុំ​សាំង​១​កាន បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​ហៅ​សមត្ថកិច្ច​មក​បង្ក្រាប​។ ម្ចាស់​ឈើ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​និយាយ​គ្នា​មិនត្រូវ​លោក យិន សុ​ឡេង ដែលជា​អភិបាលរង​ស្រុក​កែវ​សីមា ក៏​បើករថយន្ត​ឡង់​គ្រឺ​ស័​រ​ចេញទៅ​បាត់ ប្រមាណ​១៥​នាទី​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​មក​ចាត់វិធានការ​បង្ក្រាប​តែម្តង ហើយ​ប្រមូល​ឈើ​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​។ ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ខ្ទុ​ម បាន​រិះគន់ថា​លោក យិន សុ​ឡេង អភិបាលរង​ស្រុក​កែវ​សីមា តែង​ដើរ​ជំរិត​យកលុយ​ពី​ឈ្មួញ​ឈើ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ហើយ​នៅពេល​ទារលុយ​គេ​មិនបាន​តែងតែ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​បង្ក្រាប​យ៉ាង​ក្រអឺតក្រទម​ដោយ​អាង​អំណាច​របស់ខ្លួន​៕

screenshot_2016-09-08-15-31-59 12