៧ចំណុច​ដើម្បី​រើស​បាន​ត្រី​ឡ​ហាន​ដែល​ល្អ និង​មាន​ហុងស៊ុយ

ជា​ធម្មតា ការ​ចិញ្ចឹម​ត្រី​គឺ​ជា​ការ​កម្សាន្ត​មួយ​បែប​​ដែល​អាច​ជួយ​ឲ្យ​ចិត្ត​ស្ងប់​ស្ងាត់​ និង បំបាត់​អារម្មណ៍​តប់​ប្រមល់។ ចំណែក​អ្នក​ខ្លះ​ក៏​ចិញ្ចឹម​ដើម្បី​អោយ​​មាន​លាភ​ហូរ​ចូល​ក្នុង​មុខ​របរ​រក​ស៊ី​របស់​គេ​ដែរ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​ដឹង​ពី​របៀប​រើស​យក​ត្រី​មក​ចិញ្ចឹម​ដែល​ល្អ​ និង​មាន​ហុង​ស៊ុយ​។​ លោក អ៊ឹង​ ប៉ោ​ស៊ាង ដែល​ជា​ម្ចាស់​ហាង​លក់​ត្រី​គ្រប់​ប្រភេទ​មួយ​នៅ​ម្ដុំ​ទឹក​ថ្លា បាន​ប្រាប់​ពី​វិធី​​ជ្រើស​រើស​ត្រី​ដែល​ល្អ​ និង​មាន​ហុងស៊ុយ​ សម្រាប់​ប្រិយ​មិត្ត​យក​ទៅ​ចិញ្ចឹម ។

 

៧ចំណុច​ដើម្បី​រើស​បាន​ត្រី​ឡ​ហាន​ដែល​ល្អ និង​មាន​ហុងស៊ុយ

 

១. ពូជ​ត្រី

លោក អ៊ឹង​ ប៉ោ​ស៊ាង បាន​ឲ្យ​ដឹង​ថា​ ត្រី​ឡ​ហាន​ដែល​ថ្លៃ និង​ពេញ​និយម​ជាង​គេ​បច្ចុប្បន្ន​គឺ​ពូជKing Kamfa ។ វា​ជា​ពូជ​ត្រី​ដែល​មាន​កំណើត​នៅ​ប្រទេស​ថៃ។

 

២. ពណ៌​សម្បុរ​

ជា​ធម្មតា​ ត្រី​តែង​​មាន​ពណ៌​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ត្រី​ដែល​ល្អ និង មាន​តម្លៃ​ខ្ពស់​គឺ​ប្រភេទ​ត្រី​ដែល​មាន​ពណ៌​ក្រហម និង​ពណ៌​មាស។​

 

៣. ស្នាម​ពក​លើ​ក្បាល​

យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ស្នាម​ពក​លើ​ក្បាល គឺ​ជា​ចំណុច​ទាក់​ទាញ​មួយ​ដែល​ធ្វើ​អោយ​​ត្រី​ឡ​ហាន​ខុស​ប្លែក​​ពី​ពូជ​ត្រី​នានា​ ហើយ​បើ​ស្នាម​ពក​នៅ​ចំ​ពី​លើ​ក្បាល​នោះ​កាន់​តែ​ធំ នោះ​វា​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

 

៤. ស្នាម​អង្កាំ​លើ​ក្បាល និង លើ​ខ្លួន

ស្នាម​ឆ្នូត​ៗ​ពណ៌​ប្រាក់​ប្រៀប​​ដូច​ជា​គជ់​ដែល​មាន​នៅ​លើ​កំពក​ក្បាល​ និង​ខ្នង​របស់​ត្រី គឺ​ជា​លក្ខណៈ​ហុងស៊ុយ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​យក​ត្រី​ប្រភេទ​នេះ​ទៅ​ចិញ្ចឹម។​

 

៥. ដង​ខ្លួន​

ចំពោះ​ត្រី​ដែល​មាន​រូប​​រាង​ស្រឡូន​ ពិត​ណាស់​ វា​មើល​ទៅ​ស្អាត​គួរ​អោយ​ចង់​គយ​គន់។ គេ​អាច​សំគាល់​រូប​រាង​ស្រឡូន​របស់​វា​បាន​តាម​រយៈ ដង​ខ្លួន​រាប​​ស្មើ​ និង ចលនា​ហែល​ទឹក​ទៅ​មក​របស់​វា​ដែល​មិន​កញ្ឆក់​ៗ។
​​

៦. កន្ទុយ​

ប្រសិន​បើ​ត្រី​ឡ​ហាន​ណា​ដែល​មាន​កន្ទុយ​ធំ និង​ជិត​ល្អ​ជាប់​ជាមួយ​ទ្រនុង​ក្រោយ​ នោះ​ពិត​ជា​ត្រី​ដែល​កម្រ​ និង​មាន​តម្លៃ​ខ្ពស់​ផង​ដែរ។

 

៧ចំណុច​ដើម្បី​រើស​បាន​ត្រី​ឡ​ហាន​ដែល​ល្អ និង​មាន​ហុងស៊ុយ

 

៧ តួ​អក្សរ​ចិន

លោក ​អ៊ឹង ​ប៉ោស៊ាង បាន​បញ្ជាក់​ថា ​ចំពោះ​ពូជ​ត្រី​ឡ​ហាន​ខ្លះ​វិញ​គឺ​មាន​ស្នាម​ឆ្នូត​នៃ​តួ​អក្សរ​ចិន​ផុស​តាម​បណ្ដោយ​ខ្លួន​សង​ខាង។ លោក​បាន​ប្រាប់​ថា ប្រសិន​បើ​តួអក្សរ​នោះ​ព្រិល​ហើយ​ជាប់​គ្នា​រដឹក នោះ​គឺ​មិន​សូវ​ល្អ​ឡើយ។​ ប៉ុន្តែ​​បើ​តួ​អក្សរ​នោះ​ដាច់​ចេញ​ពី​គ្នា ហើយ​មាន​រូបរាង​ច្បាស់​​វិញ​នោះ​គឺ​វា​បង្ហាញ​ពី​ហ៊ុងស៊ុយ​របស់​ត្រី​​ហើយ៕

 

អត្ថបទ៖ ចន្ថា