មហាសេដ្ឋី Jack Ma៖ ភាពមានខ្លាំងពេក មិនអាចឲ្យមនុស្សមានសុភមង្គលបាននោះទេ

នៅក្នុងជំនួបសម្ភាសន៍មួយជាមួយសារព័ត៌មានអន្តរជាតិមួយ លោក Jack Ma ជាមហាសេដ្ឋីមួយរូបប្រចាំប្រទេសចិន បានឲ្យលើកឡើងថា ភាពមានបានមិនបានរួមចំណែកធ្វើឲ្យមនុស្សមានសុភមង្គលនោះទេ។

លោកបានអះអាងថា មនុស្សដែលមានសុភមង្គលបំផុតគឺអ្នករកចំណូលបានប្រហែលពី ៣ ពាន់ ទៅ ៤៥០០ ដុល្លារក្នុងមួយខែ។ តាមការឲ្យដឹងរបស់លោក ក្រុមមនុស្សដែលមានចំណូលមធ្យមទាំងនេះមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយទៅលើអ្វីដែលពូកគេត្រូវការ រួមមាន «ផ្ទះតូចមួយ រថយន្តមួយ និងគ្រួសារមួយ»។

លោក Jack Ma ថ្លែងថា៖ «ពុំមានអ្វីដែលសប្បាយរីករាយជាងនេះទៀតឡើយ។ វាគឺជាជីវិតដ៏មានសុភមង្គលមួយ»។

ទោះបីជាលោកជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងប្រទេសចិនក៏ដោយក្តី លោកបានលើកឡើងថា ការមានខ្លាំងពេកមិនអាចនាំសុភមង្គលមកឲ្យមនុស្សបានឡើយ។

លោកពន្យល់ថា៖ «នៅពេលដែលអ្នកមានប្រាក់លើសពីប៉ុន្មានលាន បញ្ហានឹងចាប់ផ្តើមចូលខ្លួនមក»។

ក៏ប៉ុន្តែ ជាការពិតណាស់ អ្នកដែលចង់ក្លាយជាមហាសេដ្ឋី មានប្រាក់រាប់លាន ពិតជាមិនអើពើនឹងនឹងបញ្ហាប៉ុណ្ណេះ ឡើយ។ ការសិក្សាស្រាវជ្រាវកាលពីថ្មីៗនេះមួយ បានបង្ហាញថា ទស្សនៈ«លុយមិនអាចទិញសុភមង្គលបាន» បានក្លាយជារឿងចាស់គំរឹលទៅហើយនៅក្នុងសម័យសម្ភារៈនិយមនេះ។

ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ចិនមួយកាលពីឆ្នាំទៅ លោក Jack Ma បាននិយាយថា៖ «មានលុយកាន់តែច្រើន រឿងដែលត្រូវធ្វើក៏មានកាន់តែច្រើន» ព្រមទាំងត្អូញត្អែរថា កាលដែលលោកនៅធ្វើជាគ្រូបង្រៀនដែលរកចំណូលបានទាបជាង ១២ ដុល្លារក្នុងមួយម៉ោង លោកមានសេចក្តីសប្បាយរីករាយជាងពេលក្លាយទៅជាមហាសេដ្ឋីទៅទៀត»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts