បុក​ដាច់​ជើង​ម្ខាង​សង​200​ដុល្លារ បើ​មិន​យក​ ទៅ​ប្ដឹងទៅ!

បុក​ដាច់​ជើង​ម្ខាង​សង​200​ដុល្លារ បើ​មិន​យក​ ទៅ​ប្ដឹងទៅ!



ខេត្ដកំពង់ចាម ៖ អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​ដឹក​ទឹកកក​ម្នាក់ បាន​រង​គ្រោះ​រហូត​ដល់​ទៅ​ពិការ​ជើង​ស្តាំ​ម្ខាង​ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ នៅ​ពេល​យប់​ពេល​កន្លង​មក បែរជា​ភាគី​ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម​ឱ្យ​សំណង​តែ​២០០​ដុល្លារ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ពន្យុះ​ឱ្យទៅ​ប្តឹង​ដល់​ណា​ក៏​ប្តឹង​ចុះ ។ ទីបំផុត​អ្នក​រង​គ្រោះ​ប្តឹង​ចូល​សាលាដំបូង​ខេត្ត ទាមទារ​សំណង​រហូត​ដល់​ទៅ​៨.០០០​ដុល្លារ ទើប​ចេញ​មុខ​មក​សម្រួល​គ្នា​។

បុរស​រង​គ្រោះ​ឈ្មោះ សែ​ម សុខា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ចំការលើ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ត្រូវ​បាន​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​កោះហៅ​រូប​គាត់ និង​ភាគី​ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម មាន​ទីលំនៅ​ស្រុក​ចំការលើ​ដូច​គ្នា​ឱ្យ​ចូល​មក​ដោះស្រាយ​គ្នា​បញ្ចប់​ការ​ប្តឹងប្តល់ ។

បុរស​រង​គ្រោះ​ឈ្មោះ សែ​ម សុខា បាន​រំលឹក​ថា នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​២៥ មេ​សា​កន្លង​មក ក្នុង​ពេល​ដែល​រូប​គាត់​បើក​គោ​យន្ត​កែ​ច្នៃ​ដឹក​ទឹកកក​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​នោះ ពេល​បើក​មក​ដល់​ត្រង់​ខ្លោងទ្វារវត្ត​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​រូប​គាត់​រង​របួស​ជើង​ស្តាំ​យ៉ាងដំណំ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ រួច​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ចុង​ក្រោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​កាត់​ជើង​ម្ខាង​ក្រោម​ជង្គង់​ចេញ ក្លាយ​ខ្លួន​ជា​មនុស្ស​ពិការ ។

នៅ​ពេល​ដែល​ដោះស្រាយ​គ្នា​ដំបូង ភាគី​ម្ចាស់​រថយន្ត​សុខចិត្ត​បង់​តែ​២០០​ដុល្លារ​ទេ ហើយ​ថែម​ទាំង​បាន​ពន្យុះ​ឱ្យ​គាត់ (​សែ​ម សុខា​) ដើរ​ប្តឹង​ដល់​ណា​ក៏​ប្តឹង​ទៅ ។ ទើប​គាត់​ស​ម្រ​ច​ប្តឹង​ឡើង​ដល់​សាលាដំបូង​ខេត្ត ទាមទារ​រហូត​ដល់​ទៅ​៨.០០០​ដុល្លារ ហើយ​ត្រូវ​បាន​មន្ត្រី​តុលាការ​កោះហៅ មក​ដោះស្រាយ​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​៥​លើក រួម​ទាំង​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ចរចា​គ្នា​ត្រូវ​រ៉ូវក្នុង​តម្លៃ​២.១៥០​ដុល្លារ​ដើម្បី​បញ្ចប់​ការ​ប្តឹងប្តល់ តែ​ភាគី​ម្ចាស់​រថយន្ត​ទាមទារ​យក​រថយន្ត​ចេញពី​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​សិន ទើប​ព្រម​ប្រគល់​ប្រាក់​តាម​ក្រោយ ។

ស្ត្រី​ឈ្មោះ រឹម សំ​អ៊​ន់ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​រូប​គាត់​បាន​ធ្វើ​ដំណើរ​ជុំ​គ្នា​១​គ្រួសារ​តែ​ម្តង​មាន​សមាជិក​៥​នាក់​ក្នុង​នោះ​មាន​ប្តី​ប្រពន្ធ និង​កូន​ៗ៣​នាក់ ហើយ​បាន​មក​ជួបនឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយនឹង​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង ។ សម្រាប់​ជំហរ​របស់​គាត់ គឺ​សូម​ឱ្យ​មន្ត្រី​សាលាដំបូង​ខេត្ត​មេត្តា​ជួយ​សម្រួល​ចេញ​លិខិត​ដើម្បី​ឱ្យ​គាត់​បាន​យក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​សុំ​ឱ្យ​មានការ​បញ្ឈប់​ចេញ​ដីកា​កោះហៅ​ប្តី​គាត់​ឈ្មោះ ផា​ន តេ​ក​ហៃ អាយុ​៣២​ឆ្នាំ ទៅ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១៤ កញ្ញា​ខាង​មុខ​បន្ត​ទៀត ព្រោះ​គាត់​យល់ព្រម​បង់លុយ​ទៅ​ឱ្យ​ខាង​ជន​រង​គ្រោះ​ចំនួន​២.១៥០​ដុល្លារ​ហើយ ៕