ព្រៃផ្សៃ! ​វ៉ៃប្រពន្ធរហូតស្លាប់ ព្រោះ…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់ ​ដោយ​អំណាច​ស្រា​ខ្លាំង​ពេក​ក៏​កើត​ភ្លើង​ប្រចណ្ឌ បាន​វាយ​សម្លាប់​ប្រពន្ធ​យ៉ាង​ឃោរឃៅ​បំផុត​រហូត​នាង​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​មក ជន​នេះ​រត់គេច​ខ្លួន​ដល់​ខេត្ត​រតនគីរី ក៏​ត្រូវ​សមត្ថកិច្ច​នគ​បាល​ស្រុក​កូន​មុំ ធ្វើការ​ចាប់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ក្នុង​នោះ​ដែរ ក៏​ត្រូវ​សមត្ថកិច្ច​បាន​ធ្វើ​សន្ន​សី​ទ​កាសែត កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩​កញ្ញា នេះ ស្ថិត​នៅ​ការិយា ល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​នគ​បាល​ខេត្ត ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​លោក​វរសេនីយ៍ទោ កែវ សុ​ថា នាយការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឱ្យ​ដឹង​ថា ជន សង្ស័យ​ឈ្មោះ​ផុ​ន ចា​ន្នី អាយុ​៣៣​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល ។

មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​នាំ​ប្រពន្ធ​ឈ្មោះ​រស់ សា​ម៉ុ​ន អាយុ​៤០​ឆ្នាំ ទៅ​លេង​ផ្ទះ​ប្អូនថ្លៃ​ឈ្មោះ​រស់​សា​មិត្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​អណ្តូង​ក្រសាំង ឃុំ​ពងទឹក ស្រុក​រំដួល កាលពី​ថ្ងៃ​ទី​៦ កញ្ញា ដោយ​ម្ចាស់ផ្ទះ​ហៅ​អ្នក​ជិតខាង មក​ជួបជុំ​ផឹកស៊ី តាំងពីរ​ម៉ោង​០៤​សៀ​ល រហូត​ដល់​ម៉ោង​១២​អា​ធ្រា​ត្រ ក៏​បាន​បែក​គ្នា​ទៅ​ផ្ទះ​ដេក​រៀង​ៗ​ខ្លួន ។

ម្ចាស់ផ្ទះ​ក៏​ចូល​ដេក​ដែរ រីឯ​២​នាក់​ប្តី​-​ប្រពន្ធ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ។ ក្រោយមក ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ជនសង្ស័យ​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ ដោយសារ​រឿង​ប្រចណ្ឌ​ប្រពន្ធ​ដាក់​អ្នក​មក​ផឹកស៊ី​ជាមួយគ្នាក៏​ផ្ទុះ​ជម្លោះ ។ ដោយ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​ទៅ​ៗ នៅ​វេលា​ម៉ោង​០១​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​០៧ កញ្ញា បុរស​ជា​ប្តី​កំណាច​រូប​នេះ បាន​ដាល់​ទៅ​លើ​ផ្ទៃមុខ និង​ថ្គាម​ស្ត្រី​ជា​ប្រពន្ធ​ជា​ច្រើន​ដៃ​របួស​ធ្ងន់ធ្ងរ រហូត​សន្លប់​ស្តូក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ។

ដោយ​មាន​ភ្លៀង​ផ្គរ​ខ្យល់​ខ្លាំង​ផង ម្ចាស់ផ្ទះ​ជា​ប្អូនថ្លៃ និង​អ្នក​ជិតខាង គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា​ក្រោយ​ពី​ប្តី​កំណាច​វាយ​ប្រពន្ធ​សន្លប់​ហើយ ក៏​យក​កង់​ជិះ​គេចខ្លួន​បាត់ រហូត​ព្រឹក​ឡើង​ម៉ោង​០៦​ព្រឹក ប្អូនប្រុស​បង្កើត​ស្ត្រី​រង​គ្រោះ
(​ឈ្មោះ​រស់ សា​មិត្ត​) បាន​ក្រោកពីដំណេក ចុះ​មក​ពីលើ​ផ្ទះ ក៏​ប្រទះ​ឃើញ​បងស្រី​រង​របួស​ផ្ទៃមុខ​ហូរ​ឈាម​តាម​ត្រចៀក និង​មាត់​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ផ្អើល​ឆោឡោ​ប្តឹង​សមត្ថកិច្ច ឱ្យ​តាម​ចាប់​បុរស​ប្តី​តែ​ម្តង ។

លោក​កែវ សុ​ថា បន្ត​ទៀត​ថា ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​សន្និដ្ឋាន​២​ណុ​ច ទី​១-​ជនសង្ស័យ​អាច​លាក់ខ្លួន​នៅ​ក្នុង​ចំការ​អំពៅ ប្រទេស​វៀតណាម ទី​២ -​អាចរ​ត់ទៅ​លាក់ខ្លួន​នៅផ្ទះ​បងប្អូន នៅ​ការដ្ឋាន​កសិដ្ឋាន​ស្រុក​កូន​មុំ ខេត្ត​រតនគីរី ដោយ​មាន​បទបញ្ជា ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការដ្ឋាន​នគ​បាល​ខេត្ត សុំ​កិច្ចសហការ​ជាមួយ​លោក​អធិការដ្ឋាន​នគ​បាល​ស្រុក​កូន​មុំ ខេត្ត​រតន គីរី ក៏​ដាក់​កម្លាំង​ត្រៀម​ស្ទាក់​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​ចូល​កសិដ្ឋាន រហូត​ដល់​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ កញ្ញា បានឃើញ​ជន សង្ស័យ​ចុះ​ពីលើ​រថយន្ត​ដើរ​ថ្មើ​ជើង​តាម​ផ្លូវ​បាន​ចម្ងាយ​២០០​ម៉ែត្រ សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយមក ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​ប្រាកដ​មែន ។