សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា

ប្រភពពី​ជនជាតិដើម​ភាគតិច​រស់នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​កន្លែង កំពុងដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុងស្រុក​ពេ​ជ្រា​ដា ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដែល​គិតតែ​រឿង​ផលប្រយោជន៍ ទើប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ នៅតែ​ដំណើរការ​យ៉ាង​រលូន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា កន្លងមក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ត្រូវបាន​ផ្អាក​ដំណើរការ​មួយរយៈ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​សកម្មភាព​កែច្នៃ​គ្រឿង​សង្ហា​រឹម​ឬ​ទ្វារ​បង្អួច​កំពុង​កក្រើក​ឡើងវិញ​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ នៅក្នុង​ទឹកដី​ឃុំ​ប៊ូ​ស្រា​បច្ចុប្បន្ន មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាងតិច​៧​កន្លែង​កំពុងដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​អ្វីៗ​អាច​ដំណើរការបាន​យ៉ាង​សុខ​ស្រួល​។ រោង​សិប្បកម្ម​ទាំងនោះ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ជនល្មើស​ដែល​ចូលទៅ​កាប់​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន ហើយ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​បក្ខពួក មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។

តាម​ការ​បង្ហើប​ពី​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​ពួកគេ​បង់លុយ​ប្រចាំខែ​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ ប្រសិនបើ​គ្មាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​ទេនោះ គឺ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មិនអាច​ដំណើរការ​បានទេ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ករណី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ខ្លះ​ផង​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ទឹកដី​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ដើម្បី​យកទៅ​ផ្គត់ផ្គង់​សេចក្ដីត្រូវការ​នៅតាម​រោង​សិប្បកម្ម​កែច្នៃ​ជាច្រើន​កន្លែង ដែល​បើក​ដំណើរការ​ដោយ​ខុសច្បាប់​៕

?

?

?

?

untitled-1