អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ អាច​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់លើ​

បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​លោក ឡាយ សុ​ខៃ ប្រធានការិយាល័យ​គណ​នេ​យ្យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ទាំងពីរ​នាក់​នោះ​នៅឡើយ​ទេ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​អំពើពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ អាចមាន​ការបែងចែក​ផលប្រយោជន៍​ទៅ​មន្ត្រី​ថ្នាកលើ​ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​មាន​ភាពស្ងប់ស្ងាត់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ប្រភពពី​មន្ត្រី​នៃ​មន្ទី​សុខាភិបាល​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា​ច្រើន​ឆ្នាំ​កន្លងមកនេះ លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ កឹ​ប​កេង​ថវិការដ្ឋ​មិនតិចជាង​២០០០​លាន​រៀល​នោះទេ​។

ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ គឺ​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិចជាង​២០០០​លាន​រៀល​នោះឡើយ តាមរយៈ​ការរៀបចំ​ឯកសារ​បំប៉ោង​តួលេខ​ចំណាយ​ដើម្បី​យកលុយ​ទាំងនោះ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ រាល់​អំពើពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ អាចមាន​ការបែងចែក​ទៅ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងសុខាភិបាល​ផងដែរ ទើប​រហូតមក​ដល់ពេលនេះ​លោក ម៉ម ប៊ុនហេង មិន​ចាត់វិធានការ​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​តាមច្បាប់ ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​តាម​របាយការណ៍​មួយ​បាន​បង្ហាញថា ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ចំណាយ​អស់​ទឹកប្រាក់​ជាង​២៧០១៥​លាន​រៀល ក្នុងនោះ​ចំណាយ​លើ​បន្ទុក​បុគ្គលិក​អស់​១៨៤៧៩​លាន​រៀល ចំណាយ​ក្រៅ​បន្ទុក​អស់​ជាង​៨៥៥៦​លាន​រៀល ហើយ​ទឹកប្រាក់​ចាយវាយ​ទាំងនេះ​សុទ្ធ​តែមាន​ភាពមិនប្រក្រតី​។ មិនតែប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ គឺមាន​ការ​កឹ​ប​កេង​ស៊ី​ឈ្មោះ​មន្ត្រី​ខ្មោច​មួយចំនួន​ផងដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ឃុបឃិត​គ្នា​យកលុយ​ធ្វើ​មាន​ធ្វើបាន​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​ប្រធានការិយាល័យ​គណនេយ្យ​ម​ន្ទីរ​សុខាភិបាល​ខេត្ត​នេះ ត្រូវបាន​បើក​កកាយ​កាន់តែខ្លាំង​។ ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​ករណី​កេងប្រវ័ញ្ច​ថវិការដ្ឋ​រាប់ពាន់​លាន​រៀល​មិនមែនជា​រឿង​តូចតាច​ឡើយ​៕

mam-bunheangលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល kom-pong-thom-health-chief-1-500x500