ហេតុ​អ្វី​គេ​ដាក់​ កន្ត្រៃ​ ឬ​កាំបិត លើ​ក្បាល​ដំណេក​កូន​ខ្ចី​?

ក្រោយ​ពេល​ស្ត្រី​​​ឆ្លង​ទន្លេ​​​រួច​​​ ​​គេ​តែង​សង្កេត​ឃើញ​​ទំនៀម​ទម្លាប់​​មួយ​របស់​​ប្រជាជន​​ខ្មែរ​គឺ​​តែង​យក កន្ត្រៃ​ ឬ​កាំបិត​​ទៅ​ដាក់​លើ​ក្បាល​ដំណេក​កូន​ខ្ចី​។ តើ​​​ហេតុ​អ្វី​បាន​​ជា​ គេ​ធ្វើ​​បែប​នោះ?

 

ហេតុ​អ្វី​គេ​ដាក់​ កន្ត្រៃ​ ឬ​កាំបិត លើ​ក្បាល​ដំណេក​កូន​ខ្ចី​?

រូបតំណាង

 

អ្នក​ស្រី​គីម​ឡាង ដែល​សព្វ​ថ្ងៃ​​មាន​​កូន​ស្រី​​​អាយុ​ជិត​១​ខួប​ម្នាក់ បាន​ប្រាប់​ថា អ្នក​ស្រី​ធ្លាប់​​​ដាក់​​ កន្ត្រៃ​លើ​ក្បាល​ដំណេក​កូន​ស្រី​តាំង​ពី​គេ​កើត​មក។ អ្នក​ស្រី​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​​កូន​​គេង​ភ្ញាក់​ៗ​ និង​យំ​ខុស​ធម្មតា គាត់​តែង​ដាក់​កន្ត្រៃ​​លើ​ក្បាល​ដំណេក​គេ​​​តាម​សម្ដី​របស់​ម្ដាយ​បាន​ប្រាប់​។

 

អ្នក​​​គ្រូ​បង្រៀន​នៅ​សាលា​​ឯកជន​មួយ​​ក្នុង​សង្កាត់​ព្រែក​ប្រា រូប​នេះ​បាន​​​ប្រាប់​​ថា៖ “…ឮ​ម៉ែ​គាត់​និយាយ​ថា ដាក់​ទៅ​កុំ​ឲ្យ​ព្រាយ​​​ ឬ​ក៏​បិសាច​​​អី​មក​បន្លាច ឬ​ពញ្ញាក់​​អីចឹង​ណាស់​ កុំ​ឲ្យ​គាត់(កូន)​ខ្លាច​ ដើម្បី​ការពារ​ខ្លួន​គាត់​ហ្នឹង”។

 

នៅ​ពេល​សួរ​ថា តើ​អ្នក​ស្រី​ជឿ​លើ​រឿង​នោះ​ដែរ​ឬ​ទេ? អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​បាន​ប្រាប់​ថា៖ “ខ្ញុំ​ជឿ ខ្ញុំ​ជឿ”។ អ្នក​ស្រី​បាន​ប្រាប់​​ពី​មូល​ហេតុ​ថា ដំបូង​ឡើង​​​អ្នក​ស្រី​មិន​ជឿ​ឡើយ ប៉ុន្តែ​នៅ​ពេល​​អនុវត្ត​តាម​គឺ​​​​មាន​ប្រសិទ្ធភាព ហើយ​អ្នក​ស្រី​បន្ថែម​ថា សូម្បី​តែ​មិត្តភ័ក្ដិ​អ្នក​ស្រី​​ដែល​មាន​កូន​តូច​​ៗ​ ក៏​ជឿ​រឿង​នោះ​ដែរ។

 

ងាក​ ទៅ​ស្ដាប់​​អ្នក​ស្រី ​ នួន​ នារី អ្នក​រស់​នៅ​ម្ដុំ​ ព្រែក​ឯង ស្រុក​កៀន​ស្វាយ ដែល​មាន​កូន​ប្រុស​តូច​អាយុ​ជិត​១​ខួប​​ដូចគ្នានោះ​ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​​។

 

អ្នក​ស្រី​បាន​​ប្រាប់​ថា អ្នក​ស្រី​​ដឹង​​​រឿង​ដាក់​កាំបិត​ ឬ​កន្ត្រៃ​លើ​​ក្បាល​ដំណេក​កូន​ខ្ចី​នោះ​ត​ពី​ចាស់​​ៗ​ដែល​បាន​ប្រាប់​ ។ អ្នក​ស្រី​​និយាយ​ថា៖ “គាត់​ថា​ គឺ​ដើម្បី​​ការពារ​ខ្មោច​ព្រាយ​ ពិសេស​​ម្ដាយ​ដើម កុំ​ឲ្យ​មក​​លេង​កូន​យើង​ ឬ​​បន្លាច​​ធ្វើ​ឲ្យ​​កូន​​​​​យំ​ស្រែក​​ពេល​យប់”។

 

ចំពោះ​សំណួរ​ថា​ជឿ​ឬ​មិន​​ជឿ​? អ្នក​ខេត្ត​កណ្ដាល​រូប​នេះ​​​បាន​​អះ​អាង​ថា​ជឿ​លើ​រឿង​នោះ។ អ្នក​ស្រី​​បាន​ប្រាប់​ហេតុ​ផល​ថា អ្នក​ស្រី​​​​ធ្លាប់​ធ្វើ​​​​តាម​​វិធី​ខាង​លើ​ពេល​កូន​​របស់​ខ្លួន​​អាយុ​ ២​-៣​ខែ ដោយ​ពេល​ល្ងាច​ៗ​​ កូន​តូច​អ្នក​ស្រី​តែង​យំ​រហូត​មិន​ព្រម​គេង រហូត​ដល់​​ពេល​​ធ្វើ​បែប​នោះ ​​កូន​តូច​ក៏​បាត់​យំ​និង​គេង​លក់។

 

ចុះ​ប្រិយ​មិត្ត​វិញ​មាន​​មតិ​យ៉ាង​ណា​ដែរ​លើ​អបិយជំនឿ​នេះ​?

 

ចុចអាន៖  ជំនឿ៖ គ្រវាស​អង្ករ​មុខ​ផ្ទះ ពេល​សុបិន​អាក្រក់ នាំ​លាភ​សំណាង

 

អត្ថបទ​៖ មាន រតនា

​​​​​​​

​​​​​​​​​​​​

​​​​​​​