គ្រាន់តែសម្តី តាវិទ័រ មួយឃ្លាធ្វើឲ្យ វ៉ាន់ នីឡា ក្លាយជាតារាស្ប៉តពាណិជ្ជកម្មប្រចាំអាស៊ី

សិល្បៈ ៖ វត្តមានក្នុងពិធីសម្ពោធរឿង “ចន្ទ្រា” នៅរោងកុន Legend ទួលគោកកាលពីល្ងាចមិញនេះតារាកំប្លែង និងសម្ដែងកញ្ញា វ៉ាន់ នីឡា បង្ហាញវត្តមានក្នុងឈុតរ៉ូបខ្លីពណ៌កាហ្វេ ដែលធ្វើឱ្យសម្រស់របស់នាងលេចធ្លោនៅក្នុងពិធីតែម្តង។ តែអ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍បន្ថែមនោះ ក្នុង កម្មវិធីនេះក៏មានការដាក់បង្ហាញ Poster ស្ប៉តពាណិជ្ជកម្មម្សៅផាត់មុខមួយមានឈ្មោះថា Loose Powder ដែលជាផលិតផលមកពីប្រទេសថៃទើបចរាចរណ៍នៅលើទីផ្សារកម្ពុជា។

ការបង្ហាញមុខជាតារាស្ប៉តពាណិជ្ជកម្មនេះដែរ វ៉ាន់ នីឡា ក៏បានផ្ដល់បទសម្ភាសន៍ជាលោក តាន់ ចន្ថា អ្នកយកព័ត៌មានគេហទំព័រ kqube.net ថា ការថតផ្សាយផលិតផលម្សៅម៉ាកមួយនេះនាងមិនបានធ្វើកុងត្រាទេ គឺខាងក្រុមហ៊ុន និងរូបនាងធ្វើឡើងក្នុងលក្ខណៈផ្ដល់ទំនុកទុកចិត្តឱ្យគ្នាទៅវិញទៅមក ហើយការថតស្ប៉តម្សៅផាត់មុខខាងលើនឹងមានថតវគ្គថ្មីៗជាបន្តបន្ទាប់ទៀត។

វ៉ាន់ នីឡា បន្តទៀតថា ការទទួលថតផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងសម្អាង Loose Powder នាងមិនអាចបញ្ជាក់ប្រាប់តម្លៃខ្លួនបានទេ ព្រោះខាងក្រុមហ៊ុនមិនអនុញ្ញាត តែអ្វីដែលនាងពេញចិត្តខ្លាំង គឺស្ប៉តនេះខាងក្រុមហ៊ុនមិនត្រឹមតែផ្សព្វផ្សាយនៅតែក្នុងស្រុកទេ គឺគេបានយកទៅផ្សព្វផ្សាយក្នុងតំបន់អាស៊ី ដែលជាវត្តមានដ៏កម្រសម្រាប់តារាក្នុងស្រុកខ្មែរយើងមានឱកាសត្រូវបានក្រុមហ៊ុនធំនៅប្រទេសថៃផ្ដល់តម្លៃដូច្នេះ។

ការបង្ហាញមុខមាត់ជាតារាស្ប៉តនៅលើទីផ្សារអន្តជាតិនេះលោក សុវណ្ណ រិទ្ធី ហៅលោកតាវិទ័រ ជាពុកកញ្ញា វ៉ាន់ នីឡា បានប្រាប់ដែរថា ពាក់ព័ន្ធរឿងកូនស្រីថតស្ប៉តម្សៅខាងលើនេះ លោកមិនបានដឹងមុនទេ គឺទាល់តែនាយក្រូចទៅសម្ពោធរឿង “ចន្ទ្រា” នៅប្រទេសថៃ ថតផ្ញើមកទើបលោកបានដឹង ហើយពេលលោកសួរនាំកូនស្រីគេប្រាប់ថា គេចង់ធ្វើអ្វីមានការសម្រេចដោយខ្លួនឯង ម្យ៉ាងទៀតកូនម្នាក់នេះគេគិតថា ការថតនេះជាការងារសិល្បៈគេចង់ធ្វើឱ្យលោកភ្ញាក់ផ្អើល ពេលបានឃើញសមិទ្ធផលសម្រេចដែលគេខិតខំ ហើយលោកក៏មានមោទនភាពដែរដែលកូនស្រីគាត់ចេះ និងហ៊ានសម្រេចរៀនធ្វើការជាម្ចាស់ការខ្លួនឯងនិងទទួលបានផលល្អដូចនេះ។

លោក តាវិទ័រ បន្តថា មុននេះបន្តិចលោកធ្លាប់បាននិយាយណែនាំកូនថា កូនធំហើយត្រូវចេះសម្រេច និងរៀនធ្វើអ្វីៗដោយមានការគិតគួរត្រូវ និងខុសដោយខ្លួនឯង ពេលនោះកូនគេបានតបមកថា ចា៎ ប៉ា គេនឹងធ្វើអ្វីមួយឱ្យទទួលបានផលល្អ ទើបគេមកប្រាប់ និងបង្ហាញប៉ាតាមក្រោយ ហើយពេលលោកសួនាំពីរឿងថតស្ប៉តម្សៅនេះ កូនស្រី នីឡា គេក៏បាននិយាយថានេះហើយជាសមិទ្ធផលដែលគេចង់ធ្វើ៕

ប្រភព៖ Kqube


Related Posts