កសិករ​នៅ​ស្រុក​ឯកភ្នំ​ចោទ​អាជ្ញាធរ​ថា​រើស​អើង​នយោបាយ​រឿង​បូម​ទឹក​ដាក់​ស្រូវ

ដំណាំ​ស្រូវ​ប្រមាណ ៣០០​ហិកតារ​របស់​ប្រជាកសិករ​ជាង ២០០​គ្រួសារ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ​អាជ្ញាធរ​ឃុំ​រើសអើង​និន្នាការ​គណបក្ស​​នយោបាយ ដោយ​​បាន​ដក​ហូត​ម៉ាន​បូម​ទឹក​ដែល​ជា​របស់​ប្រើប្រាស់​រួម​គ្នា​ក្នុង​ភូមិ​​យក​ទៅ​បញ្ឈរ​ចោល។ ប៉ុន្តែ​មេឃុំ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជា​កសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ កំពុង​ខ្វល់ខ្វាយ​ខ្លាច​ក្រែង​ដំណាំស្រូវ​របស់​ពួកគាត់​ខូច​ហិនហោច​អស់ ហើយ​​គ្មាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ឆ្នាំ​ក្រោយ​ទៀត។ ដំណាំ​​ស្រូវ​របស់​ប្រជា​កសិករ​ទាំង​នោះ​ស្លឹក​ឡើង​ក្រហម​នៅ​លើ​ដី​បែក​ក្រហែង និង​នៅ​​កន្លែង​ខ្លះ​ដើម​ស្រូវ​ងាប់​បណ្ដើរៗ ដោយសារ​ខ្វះ​ទឹក​បញ្ចូល​ស្រែ។

ប្រជា​កសិករ​ម្នាក់​រស់​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ គឺ​លោក ជរ ជួម ប្រាប់​អាស៊ីសេរី នៅ​វាល​ស្រែ​​ថ្ងៃ​ទី​៨ កញ្ញា ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ខ្វះ​ទឹក​ស្រោចស្រព​នេះ​ ដោយសារ​អាជ្ញាធរ​ឃុំ​ខឹង​ប្រជាពលរដ្ឋ​យក​ថវិកា​ពី​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥០​ដុល្លារ​អាមេរិក​ ដើម្បី​យក​ទៅ​ទិញ​ប្រេង​បូម​ទឹក​បញ្ចូល​ស្រែ។ លោក​អះអាង​ថា ក្រោយ​មក​អាជ្ញាធរ​ឃុំ​បាន​យក​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​ដែល​ជា​របស់​ប្រើប្រាស់​រួម​នៅ​ក្នុង​ភូមិ​​​ យក​ទៅ​បញ្ឈរ​ចោល ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​យក​ម៉ាស៊ីន​នោះ​ទៅ​​បូម​ទឹក​​​ដាក់​ស្រូវ​បាន​​ដូច​ពេល​មុន​ឡើយ៖ «គាត់​ថា​បើ​សិន​ជា​យក​លុយ​ពី​សង្គ្រោះ​ជាតិ ហើយ​ដក​ម៉ាស៊ីន​ឡើង​មក​លើ​គោក​វិញ​មក។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​ខ្ញុំ​រាប់​រយ​ហិកតារ​ងាប់​អស់»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី មាន​ប្រសាសន៍​ថា លោក​ពុំ​​បាន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​ ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​យក​ម៉ាស៊ីន​បូម​ទឹក​បញ្ឈរ​ចោល ដោយសារ​អ្នក​ដែល​កាន់​ម៉ាស៊ីន​បាន​​ស្លាប់​បាត់​ទៅ​ហើយ៖ «បើ​អ៊ីចឹង​គេ​យក​ម៉ាស៊ីន​ពី​ខេត្ត​មក​ធ្វើ​អី​ ប៉ុន្តែ​គេ​ការពារ​ក្រែង​វា​បាត់បង់ និង​ខូចខាត​ម៉ាស៊ីន​លែង​បាន​ប្រើ​ទៅ។ អ៊ីចឹង​ហើយ​បាន​យើង​ឲ្យ​​រៀបចំ​គណៈកម្មការ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ម៉ាស៊ីន​ទៅ​បូម​ទឹក​វិញ»

ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​បាន​យក​ម៉ាស៊ីន​ទៅ​ទុក​ចោល​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ មក ហើយ​ពួកគាត់​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ចេញ​ម៉ាស៊ីន​បូម​ទឹក​យក​មក​ប្រើប្រាស់​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។​

​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី បញ្ជាក់​ថា ករណី​ដែល​លោក​មេ​ឃុំ​យក​ម៉ាន​បូម​ទឹក​ទៅ​បញ្ឈរ​ចោល​នេះ​ ជា​រឿង​អយុត្តិធម៌​មក​លើ​ប្រជាកសិករ​​ក្នុង​រូប​ភាព​រើស​អើង​និន្នាការ​គណបក្ស​នយោបាយ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ៖ «យើង​ធ្លាប់​តែ​ឃើញ​មាន​ប្រតិកម្ម​មក​វិញ​ដោយ​អត់​មាន​ការ​ទទួល​ខុស​ត្រូវ។ នេះ​ភាព​កម្សោយ​នៃ​អ្នក​គ្រប់​គ្រង និង​អ្នក​ដឹក​នាំ។ អ្នក​គ្រប់​គ្រង និង​អ្នក​ដឹក​នាំ​ល្អ​គេ​អត់​ទុក​ឲ្យ​បញ្ហា​បន្តិចបន្តួច​រាំង​ស្ទះ​ទេ ពីព្រោះ​អាជ្ញាធរ​បាន​ទុក​ម៉ាស៊ីន​រយៈពេល​ដល់​ទៅ​ពីរ​បី​ខែ​មក​ហើយ គឺ​មិន​ត្រឹមត្រូវ​ទេ»

ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ការ​ខូច​នោះ​ ប្រមាណ ៣០០​ហិកតារ មួយ​ផ្នែក​នៅ​ភូមិ​រហាលសួង ភូមិ​ស្ដី និង​ភូមិ​ឌួងមា ឃុំ​ព្រែកនរិន្ទ។

បច្ចុប្បន្ន​ប្រជា​កសិករ​បាន​យក​គោយន្ត​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​ចំនួន ២គ្រឿង ដាក់​បូម​ទឹក​ពី​ស្ទឹង​សង្កែ បង្ហូរ​តាម​ប្រឡាយ​ទឹក​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ។ ប៉ុន្តែ​​ម៉ាស៊ីន​បូម​ទឹក​ទាំង ២​គ្រឿង​នេះ មិន​អាច​ទាញ​ទឹក​ទៅ​ដល់​ដី​ស្រែ​របស់​ពលរដ្ឋ​​នៅ​ផ្នែក​ខាង​ក្រោម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។