ជប៉ុន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ធំ​ទី​2 នៅ​អាស៊ាន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​១៩ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ចិន​លើក​ទី​២៥​រួច​មក មេដឹកនាំ​អាស៊ាន​បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៩ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្សិ​ន​ហ្សូ អា​បេ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​នេះ មេដឹកនាំ​អាស៊ាន​បាន​កត់​សម្គាល់ថា ជប៉ុន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លំដាប់​ទី​២​របស់​អាស៊ាន និង​ជា​ប្រភព​លំហូរ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ធំ​ជាងគេ​លំដាប់​ទី​២​មក​អាស៊ាន ។ ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ជប៉ុន​បាន​ឈាន​ដល់​២៣៩,៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៥ និង​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មក​អាស៊ាន​មាន​ចំនួន​១៧,៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៥ ។ ទន្ទឹម​នឹង​នេះ មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ការ​គាំទ្រ​របស់​ជប៉ុន​ដល់​ការ​អភិវឌ្ឍ​សហគ្រិន​មីក្រូ​ធុន​តូច និង​មធ្យម​នៅ​ក្នុង​តំបន់ និង​បាន​កត់សម្គាល់​ពី​ការ​ពង្រឹង​នៃ​ការ​ចរចា​លើ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ។

ជាមួយ​គ្នា​នេះ មេដឹកនាំ​អាស៊ាន​បាន​រំពឹង​ទុក​ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​លើ​ផែនការមេ ស្តី​ពី​កា​រត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណ​ភាព និង​គោលការណ៍  G7 Ise Shima សម្រាប់​ការ​លើកកម្ពស់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណ​ភាព និង​បាន​លើក​ទឹកចិត្ត​ដល់​ការ​គាំទ្រ​របស់​ជប៉ុន សម្រាប់​កា​រត​ភ្ជាប់​តាម​ផ្លូវអាកាស​កាន់តែ​ប្រសើរ​ឡើង រវាង​អាស៊ាន​និង​ជប៉ុន និង​បាន​ស្វាគមន៍​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សេវាកម្ម​អាកាសចរណ៍​ក្នុង​តំបន់​លើក​ទី​១ ។

មេដឹកនាំ​អាស៊ាន​ក៏​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​មេគង្គ​-​ជប៉ុន និង​ការ​បន្ត​រួមចំណែក​របស់​ជប៉ុន​ដល់​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន តាម​រយៈ​ការ​គាំទ្រ​លើ​ការ​អនុវត្ត​ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៦-២០២០ ។ មេដឹកនាំ​អាស៊ាន ក៏​បាន​លើកទឹកចិត្ត​ដល់​ការ​គាំទ្រ​របស់​ជប៉ុន ចំពោះ​ការ​សម្រេច​ឲ្យ​បាន​នូវ​សេចក្តីថ្លែងការណ៍ ស្តី​ពី​អាស៊ាន​មួយ ការ​ឆ្លើយ​តប​មួយ ពោល​គឺ​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ។

មេដឹកនាំ​អាស៊ាន​បាន​រីករាយ​ចំពោះ​ការ​គាំទ្រ​របស់​ជប៉ុន ដែល​លើកកម្ពស់​ការ​អភិវឌ្ឍ​សុខភាព​នៅ​ក្នុង​តំបន់ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ថែទាំ​សុខភាព រួម​បញ្ចូល​ទាំង​តាម​រយៈ​គំនិត​ផ្តួចផ្តើម​សុខភាព​អាស៊ាន​-​ជប៉ុន​។ ជាមួយ​គ្នា​នេះ មេដឹកនាំ​អាស៊ាន​បាន​រីករាយ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស វិស័យ​ឧស្សាហកម្ម និង​មូលនិធិ​ជប៉ុន​-​អាស៊ាន សម្រាប់​ការ​ផ្តល់​លទ្ធភាព​ដល់​ស្ត្រី ដើម្បី​បង្កើន​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ៕