រដ្ឋបាល​ខេត្តសៀមរាប​ជំរុញ​ឱ្យ​មានការ​ហោះ​-​ហើរ​ត្រង់​ពី​ខេត្ត​សាន​ដុ​ង ប្រទេស​ចិន

ខេត្តសៀមរាប ៖ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​រវាង​គ្នា​និង​គ្នា ។ ទោះបី​យ៉ាងណា រដ្ឋបាល​ខេត្តសៀមរាប​នៅ​មាន​បញ្ហា​កង្វះខាត​ក្នុង​ការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ ដូច​ជា គ្មាន​ទីកន្លែង​កម្សាន្ត​បន្ត និង​ផ្សារ​ទំនើប​ជាដើម ។ ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ទីក្រុង​ឈី​ង​ដាវ ខេត្ត​សាន​ដុ​ង ប្រទេស​ចិន ជួយ​ជំរុញ​ដល់​ការ​ហោះហើរ​ត្រង់​មក​ខេត្តសៀមរាប ដើម្បី​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ដ​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ស្តី​ពី​ផែនការ​ការងារ​សម្រាប់​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ឆ្នាំ​២០១៦-២០១៧ រវាង​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ឈី​ង​ដាវ ខេត្ត​សាន​ដុ​ង ជាមួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​៦ កញ្ញា កន្លង​ទៅ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​បញ្ជាក់​ជូន​គណៈប្រតិភូ​អំពី​ស្ថានភាព​ភូមិសាស្ត្រ សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត គឺ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ព្រោះថា​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​សក្តានុពល​សំខាន់​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ សម្បូរ​ទៅ​ដោយ​ដី​កសិកម្ម ប្រាង្គ​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន ។

ទោះបី​យ៉ាងណា លោក​ថា ៖ « ក្រៅពី​ប្រាង្គ​ប្រាសាទ​ល្បី​ៗ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នោះ ខេត្ត​ពុំ​ទាន់​មាន​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ដ​ផ្សេង​ទៀត​នៅឡើយ ។

ហេតុនេះ​តាម​ការ​ឯកភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន នឹង​ធ្វើការ​ពង្រីក​ព្រ​លានយន្តហោះ​នៅ​ខេត្តសៀមរាប ដើម្បី​បង្កើន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក​ម្សាន្ត ដើម្បី​បង្កើន​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ជំរុញ​អ្នក​វិនិយោគ​ចិន​ក្នុង​ការ​ពង្រីក​ក្រុង​រណ ប​នៃ​ខេត្តសៀមរាប និង​ទីផ្សារ​សត្វ​ក្រពើ ព្រមទាំង​ការ​រៀបចំ​ធ្វើ​ពិព័រណ៍​ត្រី​ទឹកសាប​ទៀត​ផង » ។

ក្នុង​នោះ​ដែរ លោក ចាង ស៊ី​ន​ឈី អភិបាលក្រុង​ឈី​ង​ដាវ ដែល​ដឹកនាំ​គណៈប្រតិភូ បាន​លើក​ឡើង​ថា កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​រវាង​គ្នា​តាំងពី​សម័យ​អង្គរ​ម្ល៉េះ ។

គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន គឺ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» នឹង​ជួយ​ជំរុញ​គ្រប់​បណ្តា​ខេត្ត ក្រុង ស្រុក នៃ​ប្រទេស​ចិន មក​ចងសម្ព័ន្ធ​មេត្រីភាព​តាម​បណ្តា​ខេត្ត ក្រុង ស្រុក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​អភិវឌ្ឍន៍​ឲ្យ​មានការ​រីក​ចម្រើន​ឡើង ។

លោក ចាង ស៊ី​ន​ឈី ក៏​បាន​កោតសរសើរ ផង​ដែរ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខេត្ត សៀមរាប លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត​របស់​ប្រទេស​ជាតិ ព្រមទាំង​មាន​ថាមពល​សំខាន់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម ។ ក្នុង​នោះ​ក៏​បាន​លើក​នូវ​ផែនការ​គម្រោង​របស់​ទីក្រុង​ឈី​ង​ដាវ ក្នុង​ការ​រៀបចំ​កំពង់​ផែ​ទេសចរណ៍ ព្រមទាំង​សេវាកម្ម​អាកាសចរណ៍​ទៀត​ផង ។ លោក​ក៏​បាន​បញ្ជាក់​ថា ៖ « ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ខេត្តសៀមរាប ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជំរុញ​ឲ្យ​ខេត្ត ក្រុង​ទាំង​ពីរ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​អនាគត » ។

បន្ទាប់​ពី​ការ​បង្ហាញ​របស់​ប្រធាន​សហគ្រាស ក្រុមហ៊ុន​នៃ​ទីក្រុង​ឈី​ង​ដាវ​រួច​មក ភាគី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ដោយ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ អប់រំ កសិកម្ម និង​ពាណិជ្ជកម្ម រួម​ទាំង​ខេត្ត ក្រុង​ទាំង​ពីរ បង្កើត​យន្តការ​ដើម្បី​ចែករំលែក និង​ផ្លាស់​ប្តូរ​ព័ត៌មាន ជួយ​សម្រួល​ដល់​ការ​វិនិយោគ សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​បង្កើន​យន្តការ​បណ្តុះបណ្តាល ផ្លាស់​ប្តូរ​ធនធានមនុស្ស​សម្រាប់​ទំនាក់ទំនង​ផង​ដែរ ៕