ប្រទេស​G20 យល់ព្រម​ក្នុង​ការ​ប្រឆាំង​នឹង​គំនិត​ការពារ​និយម

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន លោក Xi Jinping បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកដឹកនាំ​ក្នុង​ប្រទេស​G20 ដែល​ជា​ក្រុម​ប្រទេស​អភិវឌ្ឍន៍ និង​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ បាន​យល់ព្រម​ក្នុង​ការ​ប្រឆាំង​នឹង​គំនិត​ការពារ​និយម ។

លោក​បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ G20 ក្នុង​ទីក្រុង Hangzhou របស់​ចិន​ថា ៖ « ពួក​យើង​បាន​យល់​ស្រប​នឹង​ការ​គាំទ្រ​ទៅ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ប្រឆាំង​នឹង​គំនិត​ការពារ​និយម » ។

ពាណិជ្ជកម្ម​កាន់តែ​បើក​ទូលាយ​បង្ក​ឲ្យ​មាន​ភាព​លំបាក​សម្រាប់​អ្នកដឹកនាំ​ក្នុង​ប្រទេស​ជា​ច្រើន ដែល​ត្រូវ​តែ​សម្រប​ខ្លួន​តាម​ប្រជាធិបតេយ្យ​និយម និង​ទស្សនៈ​នៃ​សេដ្ឋកិច្ច​សកល​ដែល​ត្រូវ​បាន​អនុវត្តន៍​ដោយ​ក្រុម​ប្រទេស G20 ព្រោះ​វា​មិន​ស័ក្តិសម​សម្រាប់​អ្នក​ទាំងអស់​គ្នា​ឡើយ ។ មានការ​ព្រួយបារម្ភ​ថា កិច្ចប្រជុំ​លើក​នេះ គឺ​នឹង​មាន​កង្វះខាត​ផ្នែក​អត្ថន័យ ដែល​គ្មាន​ព្រឹត្តិការណ៍​អ្វី​អាច​ជំរុញ​ឲ្យ​អ្នកដឹកនាំ​ប្រឆាំង​នឹង​គំនិត​ខាងលើ​ឡើយ ។

លោក Xi ក៏​មិន​បាន​លើក​ឡើង​ពី​វិធីសាស្ត្រ​ណាមួយ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ឲ្យ G20 បើក​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​ទូលាយ​ដែរ ។ សូ​ម្បី​តែ​ប្រទេស​ចិន ក៏​ត្រូវ​បាន​ចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ពី​បទ​បំពាន​ផ្នែក​ពាណិជ្ជកម្ម និង​ពី​ការ​ដាក់​កំហិត​ក្នុង​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន ។

លោក Xi និយាយ​ថា ការ​ពឹងផ្អែក​តែ​លើ​គោលនយោបាយ​សារពើពន្ធ និង​គោលនយោបាយ​រូបិយ​វត្ថុ​ដើម្បី​ទទួល​បានការ​លូតលាស់ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ។ លោក​និយាយ​ថា ៖ « ពួក​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​សន្ទុះ​នៃ​ការ​លូតលាស់​តាម​រយៈ​ការ​បង្កើត​ថ្មី ។ G20 បាន​អនុម័ត​នូវ​គោលការណ៍​ណែនាំ​សម្រាប់​ការ​គ្រប់គ្រង​គោលនយោបាយ​វិនិយោគ ដែល​ជា​គោលការណ៍​ដំបូង​សម្រាប់​ការ​វិនិយោគ​ពហុភាគី » ។

៨៥%​នៃ​ផលិតផល​ជាតិ​សរុប (GDP) របស់​ពិភពលោក គឺ​បាន​មក​ពី​ក្រុម​នៃ​ប្រទេស​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​២០ ។ លើស​ពី​នេះ​ទៀត ប្រជាជន​ក្នុង​ប្រទេស​ទាំង​២០​នេះ មាន​ចំនួន​ដល់​ទៅ​២​ភាគ​៣ នៃ​ប្រជាជន​ទូ​ទាំង​ពិភពលោក ៕