ប្រទេស​សិង្ហ​បុរី និង​អូស្ត្រាលី​ចែករំលែក​ទិន្នន័យ​ហិរញ្ញវត្ថុ​ដើម្បី​ប្រឆាំង​ការ​គេចពន្ធ

អាជ្ញាធរ​ពន្ធដារ​ក្នុង​ប្រទេស​សិង្ហ​បុរី និង​អូស្ត្រាលី​បាន​យល់​ស្រប​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​ហិរញ្ញវត្ថុ ដើម្បី​ប្រឆាំង​នឹង​ការ​គេចពន្ធ ។

ក្នុង​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពន្ធដារ​ក្នុងស្រុក​របស់​សិង្ហ​បុរី (Iras) និង​ការិយាល័យ​ពន្ធដារ​របស់​អូស្ត្រាលី (ATO) បាន​ចេញ​កិច្ចព្រមព្រៀង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គណនេយ្យ​ហិរញ្ញវត្ថុ​ដោយ​ស្វ័យប្រវត្តិ ។

ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​នេះ នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​រាយការណ៍​រួម​គ្នា ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សម្រាប់​ការ​សហការ និង​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច ។ នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ Iras នឹង​ផ្លាស់​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​ភាគី​ប្រទេស​អូស្ត្រាលី នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​គណនេយ្យ​ជនជាតិ​អូស្ត្រាលី​ក្នុង​ប្រទេស​សិង្ហ​បុរី ។
ATO នឹង​ផ្លាស់​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​ជាមួយ Iras នូវ​គណនេយ្យ​ដូច​គ្នា​របស់​ជនជាតិ​សិង្ហ​បុរី​ក្នុង​ប្រទេស​អូស្ត្រាលី​ផង​ដែរ ។ ការ​ចែករំលែក​ព័ត៌មាន​របស់​ប្រទេស​ទាំង​ពីរ​ខាងលើ គឺ​នៅ​ក្រោម​ប្រព័ន្ធ​រាយការណ៍​រួម​គ្នា ដែល​នឹង​ចាប់ផ្តើម​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ ។

Iras និង ATO បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ពួក​គេ​ថា ភាគី​ទាំង​សងខាង​ពេញចិត្ត​នឹង​ច្បាប់ និង​ការពារ​ទិន្នន័យ​ដែល​ភាគី​ម្ខាង​ទៀត​មាន ដើម្បី​ធានា​រក្សា​ការ​សម្ងាត់​នៃ​ព័ត៌មាន​សម្រាប់​ផ្លាស់​ប្តូរ និង​ការពារ​មិន​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ។ កិច្ចព្រមព្រៀង​នេះ ប្រទេស​ទាំង​ពីរ​បាន​បង្កើន​កិច្ចសហការ​ក្នុង​ការ​គាំទ្រ​តម្លាភាព​ពន្ធដារ និង​ប្រឆាំង​នឹង​ការ​គេចពន្ធ ។

ភាគី​ទាំង​ពីរ​នឹង​អនុម័ត​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​នេះ​ជាមួយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំ​ៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕