យុវជន​គាំទ្រ កឹម សុខា ម្នាក់​ត្រុវ​បាន​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង

យុវជនអ្នកគាំទ្រលោក កឹម សុខា មួយរូប ដែលតវ៉ា ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងជិត១០ព្រឹកនេះ ខណៈ​យុវជន​រូប​នោះ បាន​ស្រែក​នៅ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ ទាមទារ​ឲ្យ​តុលាការទម្លាក់ចោល នូវ​បទ​ចោទ​ប្រកាន់​លើ​អនុប្រធាន​គណបក្ស​ប្រឆាំង។
យុវជន​គាំទ្រ កឹម សុខា ម្នាក់​ត្រុវ​បាន​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង

យុវជនអ្នកគាំទ្រលោក កឹម សុខា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅស្នងការខណ្ឌ៧មករា។ (រូបថតលើហ្វេសប៊ុក)

យុវជនអ្នកគាំទ្រលោក កឹម សុខា រូបនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខាងមុខសាលាដំបូងរាជធានី នៅ​វេលា​ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ហើយ​ត្រូវ​បាន​ក្រុមអាជ្ញាធរ បញ្ជូន​ខ្លួន​ភ្លាមៗ ទៅ​កាន់​អធិការដ្ឋាននឝរបាល ខណ្ឌ​៧មករា។

សាក្សីដែលនៅក្នុងហេតុការណ៍ បានឮសម្លេងស្រែក​របស់យុវជននោះ នៅពេលចាប់ខ្លួនដូច្នេះថា៖ «ចាប់ខ្លួនខ្ញុំ​បាន​ហើយ ម៉េច​ក៏ចាំបាច់​វ៉ៃខ្ញុំ?»។

នៅមុខហេតុការណ៍ចាប់ខ្លួននោះ យុវជនខាងលើ ដែលគេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ រួមនឹងអ្នកគាំទ្រ​លោក កឹម សុខា ច្រើនរយនាក់ បានប្រមូលគ្នា នៅខាងមុខអាគារតុលាការរាជធានី ដើម្បីទាមទារ​ឲ្យ​តុលាការ​ទម្លាក់បទចោទប្រកាន់ ប្រឆាំងនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការមិនបង្ហាញខ្លួន តាម​ការ​កោះ​ហៅ ពីសំណាក់ចៅក្រមស៊ើបអង្កេត កាលពីប៉ុន្មានខែមុន។

សវនាការដែលធ្វើឡើង ដោយគ្មានវត្តមានរបស់ជនសង្ស័យ (លោក កឹម សុខា) និងមេធាវីទាំងបួនរូប របស់​លោក​នោះ បានបន្តធ្វើរហូតចប់ចុងចប់ដើម ហើយចៅក្រមកាត់សេចក្ដី នឹងចេញសាលក្រមលើករណីនេះ នៅ​រសៀល​ម៉ោង ១៤ ថ្ងៃដដែល។

ក្រុមអ្នកគាំទ្រយល់ថា ចំណាត់ការទាំងអស់ ពីប្រព័ន្ធតុលាការនៅកម្ពុជា ធ្វើទៅលើអនុប្រធាន​គណបក្សប្រឆាំង គឺជារឿងយោបាយ៕

» វីដេអូនៃការចាប់ខ្លួនយុវជន៖