ឈ្មួញ​ឈើ​ឈ្មោះ គួ​យ សុ​ឃុន មិន​ញញើត​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​

​មន្ត្រីរាជការ​និង​មន្ត្រីនគរបាល​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នៅតែ​បន្តសកម្មភាព​ដឹកឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​អូររាំង យ៉ាង​ក្រអឺតក្រទម​បើទោះបី​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ពី​កម្លាំង​អាវុធហត្ថ និង​គយ​ចល័ត​យ៉ាងណាក៏ដោយ​។ ការដែល​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​បងប្រុស​របស់ខ្លួន​ឈ្មោះ ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គ្រាន់តែ​ធ្វើឡើង​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំងចម្រុះ​រួមមាន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី និង​មន្ត្រី​គយ​ចល័ត បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ចំនួន​៦​គ្រឿង​នៅក្នុង​ស្រុក​អូររាំង ដែល​ឈើ​ទាំងនោះ​ប្រុង​ឆ្លងដែន​ទៅ​ស្រុក​យួន​។ ក្នុងចំណោម​រថយន្ត​ដឹកឈើ​ទាំង​៦​គ្រឿង​នោះ គឺ​១​គ្រឿង​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី និង​៥​គ្រឿង​ទៀត​ត្រូវបាន​បញ្ជូនទៅ​ស្នាក់ការ​សាខាគយ​ខេត្តមណ្ឌលគិរី​។ ក៏ប៉ុន្តែ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​វាយតម្លៃថា ការបង្ក្រាប​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។

មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ស្វាយ សំ​អ៊ាង ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី​រួចមក គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ក៏​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​អូររាំង​កាន់តែខ្លាំង​ក្លា​ដែរ​។ ក្នុងចំណោម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ច្រកព្រំដែន​ក្នុងស្រុក​អូររាំង ទៅ​លក់​នៅ​ស្រុក​យួន​គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ហើយ​ជួនកាល​ក្នុង​មួយថ្ងៃ​ឈ្មួញ​រូបនេះ​ដឹកឈើ​ចូល​ស្រុក​យួន​តាម​រថយន្ត​ដល់​ទៅ​១០​គ្រឿង​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ខ្លះ​ផង ព្រោះ​មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន បន្តសកម្មភាព​ដឹកឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង គឺមាន​ការឃុបឃិត​ជាមួយ​លោក វង់ សុក្រ​សិរី ផងដែរ​ទើប​ពុំមាន​ការបង្ក្រាប​៕

497លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  wat-0609hhh wat-0609ggg