​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​មិន​បង្ក្រាប​បន​ល្បែង​ខុសច្បាប់​

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា នៅ​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ​មាន​បទល្មើស​កើតឡើង​ច្រើន​ស្អេកស្កះ តែ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ទាំងនោះ​ភាគច្រើន​មាន​ប្រភពពី​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន ព្រោះ​អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នកញៀន​ល្បែង​ងាយ​នឹង​ប្រព្រឹត្ត​បទល្មើស​។​

លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត រិះគន់ថា មិន​បង្ក្រាប​បន​ល្បែង​ខុសច្បាប់ ហើយ​ថែមទាំង​ជួយ​ការពារ​បន​ល្បែង​ខុសច្បាប់​ទៀតផង​ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ទើប​លោក​មិន​បង្ក្រាប​បន​ល្បែង​ទាំងនោះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីរាជការ​ក្រុង​ប៉ោយប៉ែត ក៏បាន​បង្ហើប​ដែរ​ថា​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ទោះជា​មានបំណង​បង្ក្រាប​បន​ល្បែង​ខុសច្បាប់​ក៏​ពិបាក​ដែរ ដោយសារតែ​បទ​ល្បែង​ខុសច្បាប់​ភាគច្រើន​សុទ្ធ​តែមាន​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​យោធា​កាង​ពីក្រោយ ហើយ​ថែមទាំង​មាន​មន្ត្រី​យោធា និង​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន​ចូល​ភាគហ៊ុន​ជាមួយ​ម្ចាស់​បទ​ល្បែង​ទៀតផង ទើប​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​ប្រឆាំង​ល្បែងស៊ីសង​គ្មាន​ប្រសិទ្ធភាព​។​

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​រិះគន់ថា មិនបាន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ផងដែរ ព្រោះ​នៅពេល​មាន​បទល្មើស​ផ្សេងៗ លោក អាត់ ខែម តែងតែ​ឆ្លើយ​យករួចខ្លួន​ដោយ​ទម្លាក់កំហុស​ទៅ​ល់​អធិការនគរបាល​ក្រុង​-​ស្រុក​ទៅវិញ​។ ទន្ទឹមនឹងនេះ លោក អាត់ ខែម ក៏​ត្រូវបាន​មន្ត្រី​គយ​បង្ហើប​ថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជិតស្និទ្ធ​របស់ខ្លួន គាប​យកលុយ​ពី​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​តាម​អំពើ​ចិត្ត​៕

n-poit-pet-360x330