តោះ​ទៅ​មើល​ជើង​ខ្លាំង​8​នាក់​ជួប​គ្នា​លើ​សង្វៀន​អន្តរជាតិ​អា​ស៊ី​អាគ្នេយ៍​ថ្ងៃស្អែកនេះ ​!

រាជធានី​ភ្នំពេញ ៖ មិន​រាប់​បញ្ចូល​ការ​ប្រកួត​អន្តរជាតិ​២​គូ​នៅ​រសៀលស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ពេល​ព្រឹក និង​ពេល​រសៀល ក៏​មានការ​ប្រកួត​អន្តរជាតិ​៤​គូ​ផ្សេង​ទៀត​ផង​ដែរ ។ ការ​ប្រកួត​របស់​ពួក​គេ គឺ​៣​គូ​ត្រូវការ​ចាញ់​ឈ្នះ​ធម្មតា និង​១​គូ​ទៀត​ប្រកួត​ជា​លក្ខណៈ​ស្ទាបស្ទង់​សមត្ថភាព​រវាង​ម្ចាស់​ខ្សែក្រវាត់ និង​ម្ចាស់​ខ្សែក្រវាត់​ដែល​មាន​អ្នក​រង់ចាំ​តាមដាន​យ៉ាង​ខ្លាំង​តែ​ម្ដង ។

សម្រាប់​ព្រឹត្តិការណ៍ «Ganzburg Top Fighter»​ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ តុ​ន ត្រាក់​​កួន និង​កីឡាករ មាស ច័ន្ទ​មាន មក​ពី​ក្លិប​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច ណាំ​អេក ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​១៤៥​លើក ឈ្នះ​១២៦​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក កីឡាករ យុគ យក្ស​ផ្លែ ហាក់​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យកឈ្នះ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៦៩​លើក ឈ្នះ​៥៩​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។ យ៉ាងណាមិញ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​ថៃ តុ​ន ត្រាក់​កួន ដោយសារ​តែ​គេ​ប្រកួត​បាន​តិច​ជាង​មែន​ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង កម្លាំង​ស៊ុ​ហ្វ​ក៏​ល្អ​ដាច់​ឆ្ងាយ​ពី យុគ យក្ស​ផ្លែ​ដែរ​។ មិន​ខុស​គ្នា​ដែរ​កីឡាករ មាស ច័ន្ទ​មាន ដែល​ធ្លាប់​ប្រកួត​បាន​១១៣​លើក ឈ្នះ​៨៦​លើក និង​ចាញ់​២៧​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​ឈ្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​ប្រកួត​ច្រើន​គួរសម​ដែរ គឺ​បាន​ដល់​៨១​លើក ឈ្នះ​៦៥​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក ។ គូ​នេះ​មាន​អ្នក​ឃ្លាំមើល​ច្រើន​ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​មិនធម្មតា ។

ចំណែក​២​គូ​ទៀត គឺ​កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ថាវ ពូ​ឡាក់​វង់ និង​កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ជនជាតិ​ឡាវ​ឈ្មោះ  ថាវ ព្រំ​មីន ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​២​គូ​មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រកួត​ដើម្បី​ប្រទាញ​យក​អ្នកគាំទ្រ​ឱ្យធ្វើ​ការ​ទស្សន៍​ទាយ​រវាង​ជើង​ខ្លាំង និង​ជើង​ខ្លាំង​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា លើក​ទី​២ ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ទើបនឹង​រក​ឃើញ​កីឡាករ​ឱ្យ​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ក្នុង​រដូវ​កាល​ទី​១ ។ កីឡាករ ផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​ពេល​កន្លង​មក ខណៈ​ដែល​កីឡាករ​ជា​គូប្រកួត ក៏​មិនមែន​ជា​ជើង​ខ្លាំង ដែល​គួរ​ឱ្យ​ខ្លាច​ដូច​សមាសភាព​មក​ពី​កីឡាករ​ថៃ ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៦​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក កីឡាករ​ផា​ន់ គ្រាន់ មិនជា​សង្ឃឹម​ខ្ពស់​ប៉ុន្មាន​ទេ ក្នុង​ពេល​ដែល​កីឡាករ​ឡាវ​មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​៩៨​លើក ឈ្នះ​៨០​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា គេ​មានបទពិសោធន៍​ប្រហាក់ប្រហែល​នឹង​កីឡាករ​កម្ពុជា​ផង​ដែរ ។

មួយគូ​ទៀត កីឡាករ ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​១២៧​លើក ឈ្នះ​៩៥​លើក ចាញ់​២៤​លើក និង​ស្មើ​៨​លើក ក្នុង​ពេល​កីឡាករ​ឡាវ​ជា​ម្ចាស់​ខ្សែក្រវាត់ ធ្លាប់​ប្រកួត​បាន​៨៨​លើក ឈ្នះ​៧៥​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ទើប​អ្នកគាំទ្រ​ហាក់​មិន​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ទេ បើ​ទោះជា​គេ​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ក្ដី ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​២ គេ​កំពុង​តែ​រង់ចាំ​មើល​ថា​ តើ​អ្នក​ណា​នឹង​ឈ្នះ​ក្នុង​ពេល​ដែល ឡុ​ង សុ​ភី ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ ហើយ​កីឡាករ​ឡាវ​ដែល​ជា​គូប្រកួត ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មិន​ធម្មតា​ដូច​គ្នា ៕