ចៀស​វាង​បំណុល​វ័ណ្ឌ​ក​ មុន​ខ្ចី​ប្រាក់​ត្រូវ​គិត​អ្វី​ខ្លះ?

កម្ចី​មិន​បាន​គិត​គូ​ល្អិត​ល្អន់ ធ្វើ​ឲ្យ​ជួប​ហានិភ័យ​រហូត​វ័ណ្ឌក បង្ក​ជា​វិបត្តិ​ដល់​ខ្លួន​ និង​គ្រួសារ​ទៅ​វិញ។ លោក ពេជ្រ គង្គា នាយក​រង​នៃ​ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា ភី​អិល​ស៊ី (BIDC)  ប្រាប់​ថា​ចៀស​វាង​ពី​បញ្ហា​ទាំង​នេះ អ្នក​ខ្ចី​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ពី​លទ្ធភាព​និង​គោល​បំណង​ខ្ចី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ថា​យក​ទៅ​ធ្វើ​អ្វី។

 

ចៀស​វាង​បំណុល​វ័ណ្ឌ​ក​ មុន​ខ្ចី​ប្រាក់​ត្រូវ​គិត​អ្វី​ខ្លះ?

 

​​​”​ទោះ​ជា​មាន​ប្លង់​ផ្ទះ​ ប្លង់​ដី​ក៏​មិន​ត្រូវ​លោភ​ខ្ចី​ហួស​ប្រមាណ​ដែរ គួរ​សិក្សា​ថា​ចំណូល​អាច​រ៉ាប់​រង​រួច​ឬ​អត់?”។ លោក​បញ្ជាក់​ថា សម្រាប់​ធនាគារ​វិញ មុន​ផ្ដល់​កំ​ចី​ គឺ​សិក្សា​លម្អិត​ពី​លទ្ធ​ភាព​អ្នក​ខ្ចី​ថា​អាច​បង់​បាន​ឬ​ទេ សិក្សា​ពី​ចំណូល​អាជីវកម្ម​​យ៉ាង​លម្អិត​ ពិសេស​ហិរញ្ញវត្ថុ ​រួម​ទាំង​កេរ្តិ៍ឈ្មោះ​ផង​ដែរ ថា​តើ​មុន​មក​ខ្ចី​នៅ​ធនាគារ​នេះ​ ធ្លាប់​ជំពាក់​ជំ​ពិន​មិន​សង​បំណុល​ជន​ឬ​ស្ថាប័ន​ណា​ឬទេ។ ចំណុច​មួយ​ទៀត គឺ​គោល​បំណង តើ​គាត់​យក​ឥណទាន​នោះ​ទៅ​ប្រកប​អាជីវកម្ម ពង្រីក​ក្រុមហ៊ុន​ឬ​យ៉ាង​ណា គឺ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់លាស់។ មិន​អាច​ដាក់​ត្រឹម​ប្លង់​ផ្ទះ​ ឬ​ដី​គ្រប់​គ្រាន់​នោះ​ឡើយ។​​​

 

សម្រាប់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ក្រើន​រំលឹក​ពី​កម្ចី​​ថា ត្រូវ​ស្វែង​យល់​ពី​លក្ខខណ្ឌ​ផ្សេង​ៗ​ក្នុង​ការ​ខ្ចី​​លុយ​ដោយ​ធ្វើ​ការ​សាក​សួរ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ប្រៀប​ធៀប​អត្រា​ការ​ប្រាក់​រួម​ទាំង​លក្ខខណ្ឌ​ផ្សេង​ៗ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត។ ​ការ​ចំណាយ​ខ្ជះខ្ជាយ ទៅ​លើ​ការ​ប្រាក់​ខ្ពស់​ហួស​ហេតុ​ពេក​ដោយ​មិន​ដឹង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ខ្ចី​ជួប​វិបត្តិ​បំណុល​វណ្ឌ​ក។

 

ចៀស​វាង​បំណុល​វ័ណ្ឌ​ក​ មុន​ខ្ចី​ប្រាក់​ត្រូវ​គិត​អ្វី​ខ្លះ?

 

ដូច្នេះ​មុន​សម្រេច​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​ឥណទាន​ឬ​សេវា​ហិរញ្ញវត្ថុ​ត្រូវ​ពិភាក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ​សាកសួរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​និង​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​​​​ទទួល​បាន​ឥណទាន​មួយ​ដែល​មាន​អត្រា​ការ​ប្រាក់​សមរម្យ៕
អត្ថបទ៖ លឹម សុ​នា​​​