ស៊ី​រី​ដោះ​លែង​អ្នកទោស​ច្រើន​នាក់​ជា​ថ្នូរ​ការ​ប្រគល់​សាកសព​ទាហាន​រុ​ស្ស៊ី​5​នាក់

រដ្ឋាភិបាល​ស៊ី​រី​ចាប់ផ្តើម​ដោះ​លែង​អ្នកទោស​នយោបាយ​១៦៩​នាក់ ជា​ថ្នូរ​នឹង​ការ​ប្រគល់​សាកសព​ទាហាន​រុ​ស្ស៊ី​៥​នាក់ ដែល​ស្លាប់​ពេល​ឧទ្ធម្ភាគចក្រ​ពួក​គេ​ត្រូវ​បាន​បាញ់​ធ្លាក់​កាលពី​ខែសីហា ។

មេធាវី​របស់​អ្នកទោស​ជា​ច្រើន​នាក់​លោក ME MICHEL CHAMMAS អះអាង​ប្រាប់ AFP ថា កាលពី​ថ្ងៃ​ទី​៦ កញ្ញា កន្លង​ទៅ​នេះ អ្នកទោស​៥០​នាក់ ក្នុង​នោះ​មាន​នារី​៧​នាក់​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ ADRA ខេត្ត​ដា​ម៉ាស់ ហើយ​៨៤​នាក់​ទៀត​ដោះ​លែង​ចេញពី​ពន្ធនាគារ​ក្រុង​ហា​ម៉ា ។

ម្យ៉ាងទៀត យោង​តាម​មេធាវី​រូប​នេះ​ថា មនុស្ស​៣១​នាក់​ទៀត ដែល​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ក្រុង​ហូ​ម ក៏​នឹង​ត្រូវ​ដោះ​លែង​ដែរ ។ អ្នកទោស​៤​នាក់​នៅ​កន្លែង​ផ្សេង​ទៀត ក៏​ត្រូវ​ដោះ​លែង ។

មេធាវី លោក ME CHAMMAS ជនជាតិ​អា​ល្លឺ​ម៉​ង់​ដែល​តាមដាន​សំណុំរឿង​ពួក​អ្នកទោស​ជាប់​ឃុំឃាំង​ពី​បរទេស​បញ្ជាក់​ថា ការ​ដោះ​លែង​អ្នកទោស​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ប្តូរ​គ្នា​ជាមួយ​ការ​ប្រគល់​សាកសព​ទាហាន​រុ​ស្ស៊ី​៥​នាក់ ដែល​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម ។

ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​ធុន MI-8 មួយ​គ្រឿង​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ក្រុង​អា​ឡែ​ប ហើយ​ហោះ​វិល​មក​កាន់​មូលដ្ឋាន​ខ្លួន​វិញ នៅ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​១ សីហា នៅ​ខេត្ត​អីុដ​លី​ប​ស៊ី​រី ។ ទាហាន​រុ​ស្ស៊ី​ទាំង​៥​នាក់​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​ស្លាប់​ទាំងអស់ ៕