យី! អត់លុយចាយ ចេះរកនឹកឃើញគុក

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បានឱ្យ​ដឹង​ថា មុខសញ្ញា​ចោរលួច​ម៉ូតូ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​សហការ​គ្នា​ជាមួយ​ប្រជា​ការពារ​ដេញចាប់​បាន ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​សាន់​គរ​(​ក​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ជនសង្ស័យ​ឈ្មោះ ឆូ ឆើត ហៅ ធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ផ្ទះ​ជិត​គ្នា​ជា​មួ​ួ​យ​នឹង​ជន​រង​គ្រោះ​ឈ្មោះ សុត សូត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់​ភូមិ​-​ឃុំ​កើតហេតុ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​ធុន​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1E-1497 ចោល​នៅ​ក្រោមផ្ទះ​។ ពេល​នោះ​ចោរ​ឃើញ​ឱកាសល្អ​គាប់​ជួន​នឹង​អត់​លុយ​ចាយ​ផង​ក៏​ធ្វើ​សកម្មភាព​លួ​យ​យក​ម៉ូតូ​នោះ ហើយ​ជិះ​ចេញ​ទៅ​បាន​បន្តិច ស្រាប់តែ​អ្នក​ភូមិ​ជិតខាង​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​មានការ​ភ្ងា​ក់​ផ្អើល​ឡើង​ទាំង​ព្រឹក ហើយ​នាំ​គ្នា​ដេញ​តាម​ចាប់ចោរ​នោះ​រហូត​ដល់​ភូមិ​ប្រាសាទ ឃុំ​សាន់​គរ ទើប​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល​រួច​ព្យាយាម​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ក៏​ត្រូវ​អ្នក​ភូមិ​ចាប់​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ឆូ ឆើត ហៅ ធា បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សម្មភាព​លួច​យក​ម៉ូតូ​របស់​គេ​ប្រាកដ​មែន មូលហេតុ​ដោយសារ​អត់​លុយ​ចាយ  ៕