Pacquiao ​គាំទ្រ​នយោបាយ​​លោក Duterte ខណៈ​លោក អូបាម៉ា អះ​អាង​ថា ​មិន​យក​ពាក្យ​ជេរ​របស់​ Duterte មក​ដាក់​ខ្លួន​ឡើយ

(ម៉ានីល)៖ កីឡាករប្រដាល់ជនជាតិហ្វីលីពីន ដ៏ល្បីល្បាញ លោក Manny Pacquiao បានសម្តែងការគាំទ្រ ចំពោះប្រធានាធិបតីរបស់ខ្លួន គឺលោក Rodrigo Duterte លើយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅហ្វីលីពីន ដោយស្របពេល​ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកមិនដែលខ្វល់ ពីសម្តីរបស់លោក Rodrigo Duterte ដែលបានត្មិះដៀលកាលពី ប៉ុន្មានថ្ងៃមុននោះឡើយ។ នេះបើតាមការផ្សាយ​ដោយ Reuters នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

fn-2016-09-09-14-27-13-0

នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Pacquiao បាននិយាយថា «ប្រធានាធិបតីប្រទេសខ្ញុំ បានសូមទោសចំពោះ អ្វីដែលលោកបាននិយាយ ហើយពេលខ្លះលោកនិយាយស្តី ដោយប្រើពាក្យពេជន៍មួយចំនួន ដែលមនុស្ស នៅជុំវិញខ្លួនលោក​មិនពេញចិត្ត ប៉ុន្តែខ្ញុំតែងតែគាំទ្រជានិច្ច ចំពោះប្រធានាធិបតី​របស់ខ្ញុំ»។

លោក Pacquiao ក៏បានបង្ហាញពីទស្សន​របស់លោកលើ យុទ្ធនាការបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីនដែរ ដោយលោកបានបញ្ជាក់ថា លោកគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធនាការមួយនេះ ទោះបីជាវាបណ្តាលឲ្យ មានមនុស្សស្លាប់ច្រើនក្តី ព្រោះថាដើម្បីកម្ចាត់គ្រឿងញៀន ឲ្យអស់ពីប្រទេសហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីន ត្រូវតែប្រើមធ្យោបាយ តឹងរឹងបែបនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «ខ្ញុំមិនយកពាក្យសម្តីរបស់លោក Duterte ដែលបាននិយាយ​កាលពីប៉ុន្មានថ្ងៃមុន មកដាក់ខ្លួនទេ ព្រោះថាវាហាក់ដូចជាការប្រើពាក្យ មិនសមរម្យទាំងអស់នេះ គឺជាទម្លាប់នៃការនិយាយស្តីរ​របស់លោក Duterte ទៅហើយ» ។

គួររំឭកថា នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រើពាក្យសម្តី មិនសមរម្យ សំដៅទៅលើ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីមេដឹកនាំពិភពលោក រូបនេះ បានចោទសួរ លើបញ្ហាការសម្លាប់​ក្រៅប្រព័ន្ធតុលារ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់លោក Duterte ហើយក្រោយពីបានជ្រាបដំណឹងនេះ លោក អូបាម៉ា បានលុបចោលជំនួបទ្វេភាគី រវាងមេដឹកនាំទាំងពីរ។

យ៉ាងណាមិញ លោក អូបាម៉ា និងលោក Duterte ទើបនឹងបានជួបពិភាក្សាគ្នា​រយៈពេលខ្លី នៅអំឡុងពេលនៃកិច្ចប្រជុំអាស៊ាន នៅវៀងច័ន្ទ ប្រទេសឡាវដែលទើបនឹងបញ្ចប់ទៅ ថ្មីៗនេះ៕

ប្រភពពី khmertalking

The post Pacquiao ​គាំទ្រ​នយោបាយ​​លោក Duterte ខណៈ​លោក អូបាម៉ា អះ​អាង​ថា ​មិន​យក​ពាក្យ​ជេរ​របស់​ Duterte មក​ដាក់​ខ្លួន​ឡើយ appeared first on CamboSport.