សេន ប៊ុ​ន​ថេ​ន និង​ផុ​ន ផា​ន់​ណា ជួប​ថៃ​ថ្ងៃស្អែកនេះ​មួយ​ណា​សម្រេច​គោលដៅ?

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១០ កញ្ញា ស្អែកនេះ កីឡាករ សេន ប៊ុ​ន​ថេ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ ផុ​ន ផា​ន់​ណា មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះ​កុង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​អ៊ុត​មើល​ថា​តើ​កីឡាករ​ទាំង​ពីរ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាង​ណា ខណៈ​ដែល​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្តួល​អីុចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃស្អែកនេះ សេន ប៊ុ​ន​ថេ​ន ដែល​ធ្លាប់​ប្រកួត​បាន​១០០​ដង ឈ្នះ​៨៨​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ​ឈ្មោះ Saeng Phit ដែល​ធ្លាប់​ប្រកួត​បាន​៩៥​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង ស្មើ​៥​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ទោះបី សេន ប៊ុ​ន​ថេ​ន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​ក៏​គេ​គ្មាន​ទំនុកចិត្ត​១០០​ភាគរយ​ថា​អាច​យកឈ្នះ​កីឡាករ​ថៃ​បាន​ដែរ ។ មិន​ទុកចិត្ត​ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ សេន ប៊ុ​ន ថេ​ន បាន​បាត់​មុខ​ឈឹង​ពីលើ​សង្វៀន មិនដឹង​ថា​គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​អត់​។ គាប់​ចួន​កីឡាករ​ថៃ​ដែល​គេ​នាំ​យក​មក​ប្រកួត​សុទ្ធតែ​ជា​ជើង​ខ្លាំង​រមែង​ស្ពាយ​ជ័យ​ជម្នះ​ត្រឡប់​ទៅ​វិញ​ផង​ទើប​ការ​យល់​ឃើញ​ឈ្នះ​ហាក់​មិនសូវ​ផ្អៀង​មក​ខាង​កីឡាករ​កម្ពុជា ។ ដូច្នេះ​គូ​នេះ​គ្មាន​នរណា​ហ៊ាន​ទស្សន៍​ទាយ​លទ្ធផល​ទុក​មុន​បាន​ទេ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ ។

ចំណែក ផុ​ន ផា​ន់​ណា ធ្លាប់​ប្រកួត​បាន  ៧៥​ដង ឈ្នះ​៦៥​ដង  ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phitdam ដែល​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ។ ទោះបី ផុ​ន ផា​ន់​ណា មាន​ស្នៀតគុន​ល្អ ទាំង​ផ្លែ​កែង និង​ជង្គង់​ពេល​វាយ​ចេញ​ម្តង​ៗ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​គូប្រកួត ក៏​ការ​មក​ជួប​កីឡាករ​ថៃ​លើក​នេះ​មិនដឹង​ថា​ស៊ី​ផុយ ឬ​ពិបាក​ទំពារ​នោះ​ទេ ។ គាប់​ចួន Phitdam ធ្លាប់​ផ្តួល​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុជា​ឱ្យ​ចាញ់​យ៉ាង​អា​ម៉ា​ស់ទៀត​ផង​នោះ ធ្វើ​ឱ្យ​អ្នកគាំទ្រ ផុ​ន ផា​ន់​ណា កាន់តែ​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ថែម​ទៀត ។

ក្រៅពី​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ផង​ដែរ ដូច​ជា​កីឡាករ ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជា​មួយ​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ឡុ​ង ធិ​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រា​៉​ហាប់ ស្វាយប៉ាក ។

ដោយឡែក​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃអាទិត្យ​ខានស្អែក​វិញ គេ​ឃើញ​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ ។ កីឡាករ ណាត់ សុខា មក​ពី​ក្លិប​សុភា​​នូ​មាន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ សិទ្ធ ប៊ុ​ន​ធី មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សុខ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ។ កីឡាករ ណៃ កូប មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ថន ធា​រ៉ា មក​ពី​ក្លិប​នាគ​មាន​ជ័យ ។ កីឡាករ ចាត សីហា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ ឆោម ប៊ុ​ន​ឡុ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជា​មួយ​​កីឡាករ ភិន សុទី មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​កុលបុត្រ​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕