ភ្លៀងខ្លាំង​រហូតបាក់ទ្វារទំនប់

ខេត្តកំពង់ចាម​ ៖ ទ្វារ​ទឹក​ទំនប់​អន្លង់​ពិល ​ដែល​បាន​សាងសង់​អំពី​បេតុង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិអូរ​ដូន​ញា ឃុំ​ត្រពាំង​ព្រះ  ស្រុក​​​ព្រៃឈរ ត្រូវ​បាន​បាក់​ស្រុត​​ខូចខាត​ទាំងស្រុង ដោយសារ​តែ​កម្លាំងទឹកភ្លៀង​​ខ្លាំង​​បាន​ហូរ​បុក​នោះ  ។  ជាមួយ​នោះ​ បណ្តាល​ឱ្យ​ដំណាំ​ស្រូវរបស់​ប្រជា​កសិករ​ ត្រូវ​បានលិចលង់​ ហើយ​ក្នុង​ពេល​ខាង​មុខ​នឹង​ជួប​កង្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ ។

ស្ត្រី​ឈ្មោះ​ចាន់ យី​ម អាយុ​៣៦​ឆ្នាំ មានទីលំ​នៅ​ភូមិ​អង ឃុំ​ត្រពាំង​ព្រះ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី០​៩ កញ្ញា នេះថា​ ការ​បាក់​ទ្វារ​ទឹក​នេះ ​​ធ្វើ​ឱ្យ​​ខ្វះខាតទឹក​ ​សម្រាប់​គោ-ក្របី​ផឹក​ក្នុង​រដូវប្រាំង​ខាង​មុខ​នេះ ។ ​ហើយ​ដំណាំ​ស្រូវក៏​ប្រឈម​នឹង​បញ្ហា​ទឹក​​ត្រូវ​ក្រៀម​សិ្វត ព្រោះថា​ នៅ​រាល់​ឆ្នាំ​ គឺ​បាន​ទឹក​នៅ​ទំនប់​​អន្លង់អំពិល​ខាងលើមិន​ថា ​រូប​គាត់​អ្នក​ភូមិ​ផ្សេង​ទៀត ​តែង​ដឹកគោមក​ឱ្យ​ផឹកទឹក​នៅ​ទំនប់​នេះ​ញឹកញាប់​ ។

រីឯពលរដ្ឋ​​ឈ្មោះ​សុខ នៅ ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អង ឃុំ​ត្រពាំង​ព្រះ ក៏​បានឱ្យ​ដឹងដែរ​ថា មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​មក​​ជា​ខ្លាំង ​កាលពី​យប់​ថ្ងៃ​ទី០​៧ កញ្ញា  វេលា​យប់​រំលង​អា​ធ្រា​ត្រ ​ឈាន​ចូល​ព្រឹកថ្ងៃ​ទី​៨ ​កញ្ញា ជា​ច្រើន​ម៉ោង​ ហូរ​ធ្លាក់​ចុះ​មក​ចូល​អាង   សម្រាប់​ស្តុក​ទឹក​អន្លង់​អំពិល​នេះ ដោយ​​ទឹកបានហូរ​មិន​ទាន់ ​ទើប​បណ្តាល​ឲ្យ​បាក់​ទ្វារ​ទឹក​ខាងលើ ។​ ម្យ៉ាងទៀត ​ទ្វារ​ទឹក​ម្ខាង​ទៀត​មិន​បាន​បើកឱ្យ​​ទឹកហូរ​ ដោយ​ហូរ​តែ​ម្ខាង​ខ្លាំង ទើប​បង្ក​ឲ្យ​មាន​បញ្ហារ​ដូច្នេះ ។​