សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​លោក វ៉ែន វ៉ន នៅ​ថ្ងៃ​​ទី​២១ កញ្ញា

សាលាឧទ្ធរណ៍​សម្រេច​យក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ខាង​មុខ ជា​ថ្ងៃ​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បរិស្ថាន​តំបន់​​អារ៉ែង លោក វ៉ែន វ៉ន។ សេចក្ដី​សម្រេច​នេះ​នៅ​​ក្រោយ​សាលាឧទ្ធរណ៍​បើក​សវនាការ​ករណី​បណ្ដឹង​ជំទាស់​អោយ​​ទម្លាក់​បទ​ចោទ​របស់​លោក វ៉ែន វ៉ន អស់​ពេល​ជា​ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា នេះ។

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង រស់​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង លោក វ៉ែន វ៉ន ថ្លែង​បន្ទាប់​ពី​​សវនាការ​ថា សាលាឧទ្ធរណ៍​គួរ​ពិចារណា​តាម​ការ​ទាមទារ​របស់​លោក ដ្បិត​លោក​ពុំ​​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ និង​សាលក្រម​របស់​សាលដំបូង​ខេត្ត​កោះកុង ទេ៖ «ខ្ញុំ​មិន​អាច​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ទោស​នោះ​ទេ ព្រោះ​​ទី​១ ខ្ញុំ​ជា​អ្នក​ជនជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​តំបន់​នោះ​ ទី​២ ឈើ​ហ្នឹង​គឺ​ខ្ញុំ​បាន​ទិញ​គេ​ដើម្បី​យក​មក​សាងសង់​រោង​សហគមន៍​ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម។ ទី​១ គឺ​បម្រើ​ផ្នែក​ទេសចរណ៍​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រភព​ចំណូល ទី​២ អាច​ផ្ដល់​ជា​ទីតាំង​មួយ​ដើម្បី​បណ្ដុះបណ្ដាល​យុវជន ក៏​ដូច​ជា​ក្មេងៗ ឲ្យ​បាន​រៀន​ជា​ភាសា​អង់គ្លេស និង​ផ្លូវ​ច្បាប់​ជាដើម»

លោក វ៉ែន វ៉ន ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុតាង។

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក វ៉ែន វ៉ន​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ អាច​ឲ្យ​ជន​ជាប់​ចោទ​រស់​នៅ​ក្រៅ​ពន្ធនាគារ។ មេធាវី​ការពារ​អោយ​លោក វ៉ែន វ៉ន បាន​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​សាលាដំបូង​នេះ​ ដោយ​បាន​ទាមទារ​អោយ​​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​ឡាយ​ប្រឆាំង​រូប​លោក។

ទាំង​មេធាវី​ការពារ​ជនជាប់ចោទ និង​សង្គម​ស៊ីវិល បាន​​ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​ពីរ​ករណី​នេះ​ចោល ព្រោះ​ថា សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។