អុញចឹងទៅ! ​ជា​អ្នក​រៀបចំ​រោងល្ខោន «ភី​ សុ​គ​ន្ធី» ​​ផង

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល សហការ​​ជាមួយ​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​ធ្វើការ​ឡោម​ព័ទ្ធ​​​ចាប់​ខ្លួន​​ជនសង្ស័យ​​ម្នាក់ ក្រោយ​​ពីជនសង្ស័យ រួម​នឹង​បក្សពួក​ម្នាក់​ទៀត​ធ្វើ​សកម្មភាព​កាច់​សោ​​.ក​ម៉ូតូ​១​គ្រឿង​បា​ន​​សម្រេច ហើយ​បាន​ព្យាយាម​​រត់គេច​ខ្លួ​ច ប៉ុន្តែ​រត់​មិន​រួច ​ក៏​ត្រូវ​កម្លាំង​ចាប់បាន​ម្នាក់​ និង​​​ម្នាក់​ទៀត​​រត់គេច​ខ្លួន​រួច ​។ ហើយអ្វីដែលភ្ញាក់​ផ្អើល ​ក្រោយពេល​​ចាប់ខ្លួន ត្រូវ​ជន​សង្ស័យ​រូប​​នោះ​បាន​សារភាព​ថា ​ខ្លួន​គឺជា​អ្នក​រៀបចំ​រោងល្ខោន​ឱ្យ​​ក្រុម​ល្ខោនបាសាក់ «ភី សុ​គ​ន្ធី»​ ​។

ហេតុ​ការ​ណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩ ​កញ្ញា ​២០១៦ ស្ថិត​នៅ​​លើ​​ផ្លូវលំ​ខាងត្បូង​ភូមិ​​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ​។ ម៉ូតូ​ដែល​ត្រូវ​បាន​លួច​កាច់​សោ​.កយក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម​C​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DO-0457 មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​9453847 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់ឈ្មោះ
យ៉ុ​ន យុយ អាយុ​២៧​ឆ្នាំ ​ជា​​ជាង​ជួ​សជុល​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ដោយឡែក ​ជនសង្ស័យ​មាន​​គ្នា​២​នាក់ ​​ហើយអ្នកដែលត្រូវចាប់​ខ្លួន​ឈ្មោះ​ជួប សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ  ​ជា​អ្នក​​រត់​ម៉ូតូឌុប​ ​និង​ជា​អ្នក​រៀបចំ​រោងល្ខោន​​​បាសាក់​របស់​លោក​ភី សុ​គ​ន្ធី​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​កម្លាំង​នគរបាល​ខាងលើ​ថា​ជនសង្ស័យ​នោះ​ សារភាព​ប្រាប់​ដូច្នេះ​ បច្ចុប្បន្នស្នាក់​ភូមិ​អណ្តូង​គៀន ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​ ។ ចំណែក​​ម្នាក់​ទៀត ឈ្មោះ​វ៉ា​ន់ រិ​ត ហៅភក្តិ ​​អាយុ​២៣​ឆ្នាំ ​​មានលំនៅ​​​ភូមិ​ព្រៃ​ផ្ចឹក​១ ​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ (កំពុង​​គេច​ខ្លួន)​ ។

​​ក្រុម​ចោរ​ខាងលើ​នោះ​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL-0487 លេខ​តួ​និង​លេខ​ម៉ាស៊ីន​9419945 ត្រូវ​កម្លាំង​នគរបាល​ដកហូត​បាន​ ។ ​ក្រៅពី​នេះ​ នគរបាល​ដកហូត​​​វត្ថុតាង​មួយ​ចំនួន​ទៀត​ មាន​ដូច​ជា សោ សម្រាប់​កាច់.ក​ម៉ូតូ​១ ​និង​សោ​​ខ្សៀ​២​ ។

ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​ខាងលើ​​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ដឹក​ម៉ាស៊ីនបូមទឹក​យក​ទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ខាងត្បូង​ភូមិ​អង្គ​សំណាង ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​ពី​ភូមិ ។ លុះ​ពេល​ទៅ​ដល់​វាល​ស្រែ បាន​ទុក​ម៉ូតូ​នៅ​លើ​ផ្លូវលំ ដោយ​បាន​ចាក់សោ.ក​យ៉ាង​ត្រឹមត្រូវ រួច​ទើប​ចុះ​ទៅ​រាយ​ទុយោ​ចូល​ក្នុង​ស្រែ ចម្ងាយ​ពី​កន្លែង​ទុក​ម៉ូតូ​ប្រហែល​៧០​ម៉ែត្រ ។

​ខណៈនោះ​ ស្រាប់​តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូ​តូ​ឌុ​ប​គ្នា​មកធ្វើ​សកម្មភាព​កាច់​សោ.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​ពេល​បាន​សម្រេច​​នាំ​គ្នា​ជិះ​គេចខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ ត្រូវជន​រង​គ្រោះ​ក្រឡេក​ឃើញ​ទាន់ ក៏​ស្រែ​កថា «​ចោរ​ៗ» ​ឱ្យ​អ្នក​ភូមិ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ រួម​ជាមួយ​កម្លាំង​នគរបាល ព្រមទាំង​ប្រ​ជា​ការពារ​​​នាំ​គ្នា​ដេញ​តាមតែម្តង  ។

រហូត​ទៅ​ដល់​ត្រង់​ចំណុច​ព្រៃរបោះ​លើ​ទួល​អង្គ​មួយ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ជនសង្ស័យ​ឈ្មោះជួប សំណាង រូបនេះ បាន​ផ្ដួល​ម៉ូតូ​ចោលរត់​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​កម្លាំង​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួម​និង​ម៉ូតូ​ដែល​ជិះធ្វើ​សកម្មភាព​១​គ្រឿង​ផង​ដែរ ចំណែក​ម្នាក់​ទៀត​យក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។