ក្រុមបឹងកេត រំពឹងផ្តួលប៉ូលិស ដើម្បីបញ្ចប់ក្តីស្រមៃប្រជែងយកពានរបស់ទ័ព

ក្រុមក្រសួងការពារជាតិ(ទ័ព) នឹងត្រូវធ្វើការប្រកួតបញ្ចប់រដូវកាលរបស់ខ្លួនជាមួយក្រុមអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០ ថ្ងៃសុក្រនេះ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា ទ័ព នឹងអាចយកឈ្នះក្រុមឈរនៅបាតតារាង អាស៊ីអឺរ៉ុប ដោយគ្មានការសង្ស័យអ្វីឡើយ ដើម្បីឡើងទៅឈរនៅឈរនៅលេខរៀងទី១ នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ ក្រោយការប្រកួតបានបញ្ចប់ ទៅតាមអ្វីដែលពួកគេបានគ្រោងទុក។

mm3

ប៉ុន្តែក្តីសង្ឃឹមនៃការលើកពានរបស់ក្រុមទ័ព ប្រហែលជាទៅមិនរួចនោះទេ ខណៈក្រុមបឹងកេតអង្គរ កំពុងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) សម្រាប់ការប្រកួតបិទរដូវកាល នៅថ្ងៃសៅរ៍បន្ទាប់នោះ។ បើសិនជាបឹងកេត ប្រាកដជាអាចយកឈ្នះប៉ូលិស បានមែននោះ គឺបឹងកេត នឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាលនេះ ឯក្រុមទ័ព បានទទួលចំណាត់ថ្នាក់លេខ២។

mm2

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមបឹងកេតអង្គរ បានប្រាប់ថា៖«យើងបានឆ្លងកាត់ឧបសគ្គធំៗអស់ទៅហើយ ពិសេសការជួបភ្នំពេញក្រោន ណាហ្គាវើល និង ព្រះខ័នរាជស្វាយរៀង ក្នុងជំនួប៣លើកចុងក្រោយនេះ ហេតុនេះយើងមានទំនុកចិត្តគុណនឹង២ទៅហើយ ក្នុងការឈ្នះពានក្នុងរដូវកាលនេះ ព្រោះបើធ្វើការប្រៀបធៀបក្រុមប៉ូលិស ទៅនឹងក្រុមណាហ្គាវើល ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង គឺប៉ូលិស មានកម្រិតលេងខ្សោយជាង»។

mm1

សម្រាប់ការជួបគ្នាក្នុងជុំទី១ បឹងកេត បានលត់ក្រុមប៉ូលិស ៧-១ ប៉ុន្តែការប្រកួតលើកនេះ បឹងកេត គ្មានវត្តមានខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា នោះទេ ព្រោះ វឌ្ឍនាកា បានទទួលកាតលឿងគ្រប់ចំនួន២ ស្មើកាត់ក្រហម ហេតុនេះ ឃួន ឡាបូរ៉ាវី ដែលអាចចូលលេងបាន១០០ភាគរយវិញនោះ នឹងរ៉ាប់រងតំបន់ប្រយុទ្ធរបស់ ចាន់ វឌ្ឍនាកា។

យ៉ាងណាក៏ដោយ ក្រុមប៉ូលិស ក៏ចង់បញ្ចប់ជាមួយលទ្ធផលដ៏ល្អ នៅក្នុងការប្រកួតបិទរដូវកាលជាមួយក្រុមបឹងកេត លើកនេះផងដែរ ព្រោះលោក សារ៉ាត់ វិចិត្រ គ្រូបង្វឹកក្រុមប៉ូលិស បាននិយាយថា៖«បឹងកេត ប្រាកដជាមានមហិច្ឆតាយកឈ្នះយើង ដើម្បីលើកពាន ប៉ុន្តែយើងក៏ត្រូវការឈ្នះ ដើម្បីបញ្ចប់ជាមួយលទ្ធផលដ៏ល្អផងដែរ គឺយើងអត់និយាយពាក្យថាចាញ់នោះទេ គឺ

មានតែពាក្យស្មើ និងឈ្នះ ហើយយើងនឹងប្រឹងប្រែងលេងឲ្យអស់សមត្ថភាព នៅក្នុងការប្រកួតលើកចុងក្រោយនេះ»។
ចំណែកក្រុមណាហ្គាវើល និងខេមបូឌានថាយហ្គឺរ ដែលធ្លាប់ស្មើគ្នា ១-១ ក៏នឹងត្រូវប្រកួតបញ្ចប់រដូវកាល នៅថ្ងៃសៅរ៍ដែរ ហើយក្រុមវេស្ទើន ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលពួកគេធ្លាប់ចាញ់ ៤-២ នៅថ្ងៃសៅរ៍នោះដែរ៕

កម្មវិធីប្រកួតនៅថ្ងៃសុក្រ

-អាស៊ីអឺរ៉ុប v ទ័ព នៅពហុកីឡដ្ឋានជាតិ ៦:០០
៣ប្រកួត ដែលត្រូវធ្វើនៅថ្ងៃសៅរ៍
-វេស្ទើន v ស៊ីម៉ាក់ នៅកីឡដ្ឋានវេស្ទើន ៣:៣០
-ណាហ្គាវើល v ខេមបូឌានថាយហ្គឺរ ពហុកីឡដ្ឋានជាតិ ៣:៣០
-បឹងកេត v ប៉ូលិស ពហុកីឡដ្ឋានជាតិ ៦:០០

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦

Capture

The post ក្រុមបឹងកេត រំពឹងផ្តួលប៉ូលិស ដើម្បីបញ្ចប់ក្តីស្រមៃប្រជែងយកពានរបស់ទ័ព appeared first on CamboSport.