អ្នកលេងចំបាប់នៅកំពង់ឆ្នាំង នឹងប្រកួតគ្នា ដើម្បីរកអ្នកខ្លាំងមកលេងកីឡាជាតិ

មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នឹងសហការរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីជ្រើសរើសអ្នកទទួលបានចំណាត់ថ្នាក់លេខ១នៅតាមប្រភេទវិញ្ញាសានីមួយៗ ឡើងមកប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ft-img-template

លោក ធិន វិចិត្រ អគ្គលេខាធិកាសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកគ្រប់គ្រងការប្រកួតនេះ បានប្រាប់ថា បើតាមរបាយការណ៍ ដែលយើងទទួលបានគឺការប្រកួតកីឡាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំងនេះ អាចមានអ្នកចូលរួមពី៧០ ទៅ៨០នាក់ ហើយក្នុងនោះក៏មាននារីផងដែរ។

លោកបានបញ្ជាក់ថា៖«យើងនឹងប្រកួតប្រជែង នៅលើវិញ្ញាសាចំនួន១៦ទាំងចំបាប់បុរាណ និងចំបាប់សម័យក្រិចកូរ៉ូម៉ាំង ហើយអ្នកទទួលបានចំណាត់ថ្នាក់លេខ១ នៅតាមវិញ្ញាសានីមួយៗ នឹងត្រូវឡើងមកប្រកួតកីឡាជាតិ ហើយតាមរយៈការប្រកួតនោះ យើងក៏សម្លឹងរកមើលយុវជនថ្នាល ដើម្បីយកមកបណ្តុះបណ្តាលបន្ថែមជាមួយក្រុមយុវជនថ្នាលរបស់យើងផងដែរ ខណៈការប្រកួតនៅខេត្តពោធិ៍សាត់ កាលពីសប្តាហ៍មុន យើងជ្រើសរើសបានយុវជនវ័យក្មេង មានទេពកោសល្យ១នាក់»។

ក្រោយពីការជ្រើសរើសបានយុវជនថ្នាលម្នាក់ ក្នុងការប្រកួតនៅខេត្តពោធិ៍សាត់នោះ ក្រុមការងារបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏សម្រិតសម្រាំងបានអ្នកទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន១៣នាក់ និងអ្នកបម្រុង៣នាក់ ដើម្បីឡើងមកប្រកួតកីឡាជាតិ តំណាងឲ្យខេត្តពោធិ៍សាត់ផងដែរ ប៉ុន្តែការប្រកួតធ្វើនៅខេត្តពោធិ៍សាត់នោះ គ្មានកីឡាការិនីចូលរួមនោះទេ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមការឧបត្ថម្ភជាថវិការពីលោក Casey Barnett ជាអនុប្រធាន ព្រមទាំងមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា NOCC និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តនោះ ត្រូវបើកការប្រកួតជ្រើសរើសឯកតាមខេត្តចំនួន៤គឺខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីយកអ្នកទទួលបានចំណាត់ថ្នាក់លេខ១ ចូលរួមការរប្រកួតកីឡាជាតិ លើកទី១ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕

The post អ្នកលេងចំបាប់នៅកំពង់ឆ្នាំង នឹងប្រកួតគ្នា ដើម្បីរកអ្នកខ្លាំងមកលេងកីឡាជាតិ appeared first on CamboSport.