បទ​ចម្រៀង​ជយលាភី​លេខ​១ មហោស្រព​ចម្រៀង​ថ្នាក់​ជាតិ​២០១៦ ទៅ​ប្រកួត​នៅ​ថៃ

យោង​តាម​​សេចក្តី​ជូន​​ដំណឹង របស់​គណកម្មការ​មហោស្រព ចម្រៀង និង​តន្រ្តី​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤ ឆ្នាំ​២០១៦ ក្រសួង​ព័ត៌មាន​បាន​សម្រេច​បញ្ជូន​បទ​ចម្រៀង​​ជយលាភី​លេខ​១​របស់​មហោស្រព​ចម្រៀង​ថ្នាក់​ជាតិ​២០១៦ “អំនួន​អ្នក​ចិញ្ចឹម​សត្វ”ទៅ​ប្រកួត​បន្ត​ក្នុង​កម្រិត​អាស៊ាន​នៅ​ប្រទេស​ថៃ។

 

បទ​ចម្រៀង​ជយលាភី​លេខ​១ មហោស្រព​ចម្រៀង​ថ្នាក់​ជាតិ​២០១៦ ទៅ​ប្រកួត​នៅ​ថៃ

 

កិច្ច​ការ គឺ​ឆ្លើយ​តប​ ការ​ស្នើ​សុំ​​របស់សមាជិក​គណកម្មការ វាយ​តម្លៃ​បទ​ចម្រៀង​សម័យ កំរិត​អាស៊ាន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ។ ចំពោះ​ហេតុផល​នៃ​ការ​សម្រេច​បញ្ជូន​​បទ​និពន្ធ​ថ្មី​មួយ​នេះ ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ បញ្ជាក់​ថា ដោយ​សារ​តែ​បទ​នេះ ជា​ជយលាភីលេខ​១​សម្រាប់​មហោស្រព​ចម្រៀង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ទើប​នឹង​បញ្ចប់​ថ្មី​ៗ។

 

មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​ពី​ការ​កម្មវិធី​ប្រកួត​ឡើយ តែ​កាល​បរិច្ឆេទ​​ឈប់​ទទួល​បេក្ខភាព​នៅ​ថ្ងៃ​នេះ។ តាម​ការ​ជូន​ដំណឹង​ដដែល គឺ​កម្មវិធី​​មិន​តម្រូវ​ឲ្យ​ក្រុម​តន្ត្រី ឬ​អ្នក​ចម្រៀង​របស់​បទ​ចម្រៀង​ខាង​លើ​ទៅ​ចូល​រួម​ប្រកួត​ដោយ​ផ្ទាល់​​ឡើយ ពោល​គឺ​គ្រាន់​តែ​ធ្វើ​បទ​ចម្រៀង​នេះ​ជាឌីវីឌី​ ដោយ​បក​ប្រែ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​រួច​ផ្ញើ​ទៅ​គេ​ប៉ុណ្ណោះ។

 

មន្ត្រី​ក្រសួង​ព័ត៌មាន​ដដែល​បញ្ជាក់​ថា បទ​នេះ មាន​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដូច្នេះ​ហើយ នេះ​ជា​មោទនភាព​មួយ​នៃ​វិស័យ​សិល្បៈ​តន្ត្រី​​របស់​ជាតិ ដោយ​វា​​​ជា​លើក​ទី​១​ដែល​បាន​ចូល​រួមកម្មវិធី​ខាង​លើ ខណៈ​កម្មវិធី​គេ​ ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​កម្ពុជា​យើង មិន​ដែល​បាន​ចូល​រួម​ឡើយ៕