ឆ្នាំ​​មុន​និទ្ទេស​ A ១០៨នាក់​ ​ចុះ​ឆ្នាំ​នេះ​វិញ​?

​សិស្ស​បាក់​ឌុប​ប្រលង​ជាប់​និទ្ទេស​ A ​កាល​ពី​​​ឆ្នាំ​២០១៥ មាន​ចំនួន ១០៨​នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រលង​សរុប ៨៣ ៣២៥​នាក់​នៅ​​ទូ​ទាំង​ប្រទេស​។ សម្រាប់​ឆ្នាំ២០១៦ នេះ មិនទាន់ដឹងលទ្ធផលនៅឡើយទេ ប៉ុន្តែ​​មានព័ត៌​ក្រៅផ្លូវការថាអាច​មាន​តិចជាងឆ្នាំ​មុន ដោយសារ​មុខវិជ្ជា​គណិតវិទ្យា​ហាក់​ពិបាក​ខ្លាំង។

 

ឆ្នាំ​​មុន​និទ្ទេស​ A ១០៨នាក់​ ​ចុះ​ឆ្នាំ​នេះ​វិញ​?

 

ការ​ប្រលង​បាក់​ឌុប​​ ឆ្នាំ​២០១៦​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​ ២២ និង ២៣​ ខែ​សីហា​​​ ២០១៦​ ​​កន្លង​ទៅ​នេះ​ មាន​បេក្ខជន​សរុប ប្រមាណ ៩៣​៧៥២​នាក់។ ក្នុង​នោះ​មាន​​២៥% ជា​បេក្ខជន​ចាស់​ដាក់​ពាក្យ​ម្ដង​ទៀត​ និង​មាន​មណ្ឌល​ប្រលង​ចំនួន​ ១៥៧​ មណ្ឌល និង​ ៣៧៨១ បន្ទប់​ប្រលង​។

 

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​បញ្ជាក់​ថា លទ្ធ​ផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ទូ​ទាំង​ប្រទេស​​ឆ្នាំ​២០១៦ សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៦។ សម្រាប់​​លទ្ធផល​​ប្រលង​ នៅ​តាម​មណ្ឌល​​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ នឹង​ប្រកាស​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦។

 

គួរ​រំលឹក​​ផង​ដែរ​ថា ចាប់​ពី​​​ឆ្នាំ​២០១៤ ក្រសួង​អប់​រំ​​ ​ចាត់​វិធាន​ការ​រឹត​បណ្ដឹង​វិន័យ​លើ​ការ​ប្រលង​បាក់​​ឌុប​ទូ​ទាំង​ប្រទេស។ លទ្ធ​ផល​អ្នក​ជាប់​បាក់​ឌុប​នា​ឆ្នាំ​នោះ​​មាន​​​​ចំនួន​ ២៣ ១២៦ ស្នើ​នឹង​ ២៥,៧២​% ​​ក្នុង​ចំណោម​​​​បេក្ខជន​ជាង​​៩​ម៉ឺន​នាក់ ក្នុង​នោះ​មាន​សិស្ស​ជាប់​និទ្ទេស​​ A ចំនួន​ ១១​នាក់។

 

ដោយ​​លទ្ធផល​អ្នក​ជាប់​បាក់​ឌុប ២០១៤ មាន​ចំនួន​តិច​ ក្រសួង​​បាន​រៀប​ចំ​ការ​ប្រលង​ទូ​ទាំង​ជា​​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៤​ដដែល ​ដោយ​បេក្ខជន​ជាប់​ចំនួន​ ១២ ១៩៩ នាក់​​ស្មើ​​នឹង ១៧,៩៤​ % ក្នុង​ចំណោម​បេក្ខជន​សរុប​ ៦៨ ០០០​នាក់ ប៉ុន្តែ​​លើក​ទី​ពីរ​នោះ​គ្មាន​អ្នក​ជាប់​និទ្ទេស​ A ឡើយ​៕

 

ចុចអាន៖  ត្រួសៗ រង្វាន់​សម្រាប់​សិស្ស​បាក់​ឌុប​ជើង​ខ្លាំង​ឆ្នាំ​នេះ មាន​ទាំង​ម៉ូតូ និង iPad

 

អត្ថបទ៖ មាន រតនា​​​​​​​​​​​