កៅស៊ូ​អ៊ុត​ផ្លូវ​ទំនើប​មិន​ធ្លាប់​មាន ត្រូវ​បាន​ជូន​ផ្នែក​ជំនាញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អង្គការ​ចៃ​កាប្រទេស​ជប៉ុន ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​យក​កៅស៊ូ​ត្រជាក់​សម្រាប់​អ៊ុត​ផ្លូវ​ចំនួន​១០​តោន​ប្រគល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​សាធារណការ​យក​ទៅ​ជួសជុល​ក្រហូង​សម្បុកមាន់​តាម​ផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ពិធី​ប្រគល់​-​ទទួល បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ កញ្ញា ២០១៦ នៅ​ក្នុង​បរិវេណ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។ លោក ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កៅស៊ូ​ត្រជាក់​ចំនួន​១០​តោន​ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ប្រគល់​ជូន​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​សម្រាប់​យក​មក​ជួសជុល​ផ្លូវ​ក្រហូង​សម្បុកមាន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​បាន​ទទួល និង​ប្រើប្រាស់​កៅស៊ូ​ត្រជាក់ ដោយ​មិន​ធ្លាប់​មាន​ទេពី​មុន​មក  ក្នុង​នោះ​រាជធានី​ភ្នំពេញ​ក៏​បាន​ទទួល​មុនគេ​ផង​ដែរ​។

លោក​បន្ត​ថា កៅស៊ូ​ត្រជាក់​នេះ​ជា​បច្ចេកទេស​ថ្មី​មួយទៀត​ដែល​យើង​ងាយស្រួល​ក្នុង​ការ​ជួសជុល​ផ្លូវ ដោយ​មិនបាច់​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ សម្រាប់​ជួល​ជុល​ទេ  មានគុណ​ភាព​ខ្ពស់ ប្រើ​ក្នុង​រដូវក្តៅ ឬ​មេឃ​ភ្លៀង​ក៏​បាន​។ លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា កៅស៊ូ​ត្រជាក់​នេះ បាន​មក​ពី​ប្រទេស​ជប៉ុន តាម​រយៈ​អង្គការ​ចៃ​កា ដែល​ផ្តល់​ឲ្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ចំនួន​២០​តោន ហើយ​ក្រសួង​បាន​សម្រេច​ប្រគល់​ជូន​រាជធានី​ភ្នំពេញ​ចំនួន​១០​តោន ខេត្តសៀមរាប​ចំនួន​៥​តោន និង​ខេត្តបាត់ដំបង​ចំនួន​៥​តោន ដើម្បី​យក​ទៅ​ប្រើប្រាស់​សាកល្បង ក្នុង​ការងារ​ជួសជុល​ផ្លូវ​ក្រហូង​សម្បុកមាន់​នានា​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា ការ​បែងចែក​ក្នុង​ការ​ប្រគល់​ជូន​ខេត្ត រាជធានី​ទាំង​៣​នេះ ដោយ​មើលឃើញ រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​២​ទៀត​ជា​ខេត្ត​ដែល​ជា​តំបន់​ទេសចរ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​លោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា កៅស៊ូ​ត្រជាក់​នេះ​អាច​បិទ​បាន​គ្រប់ពេលវេលា​ទាំង​អស់ទាំង​រដូវវស្សា និង​រដូវប្រាំង ដាក់​ភ្លាម​យើង​អាច​ប្រើប្រាស់​បាន​ភ្លាម ហើយ​នៅ​ក្នុង​ខែវិច្ឆិកា​ចុងឆ្នាំ​នេះ ចៃ​កា នឹង​ផ្តល់​ម៉ាស៊ីន​លាយ​កៅស៊ូ​ត្រជាក់​ឲ្យ​មក​កម្ពុជា​១​គ្រឿង​ដែល​អាច​លាយ​បាន​៤​តោន​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ៕