អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​២៩​នាក់ ស្រី​១១​នាក់ ក្នុង​ចំណោម​នោះ​មាន​ក្មេង​៤​នាក់ ដែល​មក​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ញ្ញា ឆ្នាំ​២០១៦​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​។ ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ យ៉ា​ន សុ​ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង​ក្រឡ ឃុំ​សាមគ្គី ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ក្នុង​ចំណោម​២៩​នាក់​បាន​រៀបរាប់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ជា​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​ចូល​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយសា​តែ​ចាញ់បោក​មេខ្យល់​ឈ្មោះ​ចិន អះអាង​ថា នឹង​ជួយ​រក​ការងារ​ឳ្យ​ធ្វើ លុះ​ទៅ​ដល់​ខេត្ត​ណា​ខន​ភ្នំ ជាប់​ព្រំដែន​នឹង​ប្រទេស​ឡាវ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។

នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​មក​ប្រគល់​ឲ្យ​កម្ពុជា​វិញ​។ មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ស្រី​១១​នាក់ ក្នុង​នោះ​ក្មេង​៤​នាក់ មក​ពី​ខេត្តឧត្តរមានជ័យ​១៣​នាក់ មក​ពី​ខេត្តបន្ទាយមានជ័យ​២​នាក់ មក​ពី​ខេត្តកំពង់ចាម​២​នាក់ មក​ពី​ខេត្តបាត់ដំបង​២​នាក់ មក​ពី​ខេត្តតាកែវ​២​នាក់ មក​ពី​ខេត្តស្ទឹងត្រែង​៥​នាក់ មក​ពី​ខេត្តសៀមរាប​៣​នាក់​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រួច​ដោះ​លេង​ឲ្យ​ទៅ​លំនៅ​ស្ថាន​វិញ​នា​ថ្ងៃ​ដដែល​៕