លោក Duterte បង្ហាញ​រូបភាព​ទាហាន​អាមេរិក​សម្លាប់​ជនជាតិ​ហ្វីលីពីន ចំពោះមុខ​លោក អូ​បា​ម៉ា និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-09-2016, 8:59 pm         745

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte បង្ហាញ​រូបភាព​ទាហាន​អាមេរិក​សម្លាប់​ជនជាតិ​ហ្វីលីពីន ចំពោះមុខ​លោក អូ​បា​ម៉ា​បន្ទាប់ពី​សោកស្ដាយ​លើ​ការប្រើ​ពាក្យសម្ដី​វាយប្រហារ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា មុនពេល​មក​ឡាវ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​ម្ដងទៀត ដោយបាន​វាយប្រហារ​លើ​ប្រមុខរដ្ឋ​អាមេរិក​ម្ដងទៀត​។ នៅ​លើក​នេះ លោក Duterte បានបង្ហាញ​រូបភាព​នៃ​សកម្មភាព​ទាហាន​អាមេរិក​សម្លាប់​ជនជាតិ​ហ្វីលីពីន នៅក្នុង​ចំណោម​មេដឹកនាំ​ជាច្រើន​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​។

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ធ្វើ​ឲ្យ​មេដឹកនាំ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់ពី​លោក​បាន​លើក​បង្ហាញ​រូបភាព​ដែល​ទាហាន​អាមេរិក​សម្លាប់​ជនជាតិ​ហ្វីលីពីន​ក្នុងសម័យ​អាណានិគម​។ នេះ​ជាការ​វាយប្រហារ​ថ្មី​មួយទៀត​របស់​ប្រធានាធិបតី​ហ្វីលីពីន ក្រោយ​មួយថ្ងៃ​ពី​លោក Duterte បង្ហាញ​ការសោកស្ដាយ​ចំពោះ​ការប្រើ​សម្ដី​គំរោះគំរើយ​ដាក់​លោក អូ​បា​ម៉ា មុនពេល​មក​ឡាវ​។  

​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា នៅ​ថ្ងៃទី​៨ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន បានលើកឡើង​ពី​សកម្មភាព​របស់​ទាហាន​អាមេរិក ដែល​គ្រប់គ្រង​ហ្វីលីពីន​ចាប់ពី​ឆ្នាំ​១៨៩៨ ដល់​ឆ្នាំ​១៩៤៦​។ ប្រតិភូ​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក Duterte បានបង្ហាញ​ពី​រូបភាព​កាប់សម្លាប់​របស់​យោធា​អាមេរិក និង​បាន​និយាយថា «​នេះ​ជា​ដូនតា​របស់ខ្ញុំ​ដែល​ត្រូវ​សម្លាប់​។ ហេតុអ្វី​បានជា​យើង​និយាយ​ពី​សិទ្ធិមនុស្ស​ពេលនេះ​»?

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay បញ្ជាក់ថា លោក​ប្រធានាធិបតី Duterte ពិតជា​បានបង្ហាញ​រូបភាព​នៃ​អំពើ​ព្រៃផ្សៃ​លើ​កោះ​មិន​ដា​ណាវ​នេះ​មែន គឺ​នៅ​ចំពោះមុខ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​បណ្ដា​មេដឹកនាំ​ប្រទេស​អាស៊ី​បូព៌ា​តែម្ដង​។ យ៉ាងណាក្ដី នៅ​មុនពេល​មកកាន់​ឡាវ លោក Duterte ក៏​ធ្លាប់​លើក​រឿងនេះ​មក​និយាយ​ម្ដង​ដែរ ដើម្បី​វាយប្រហារ​លើ​អាមេរិក​នោះ​។ 

​តាមពិតទៅ រឿងរ៉ាវ​មកដល់​ដំណាក់កាល​នេះ គឺ​ដោយសារតែ​ការរិះគន់​របស់​អាមេរិក មកលើ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី Duterte​។ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន ដែល​ភាគច្រើន​នោះ​គឺធ្វើឡើង​នៅក្រៅ​ប្រព័ន្ធតុលាការ​។ មកទល់ពេលនេះ មនុស្ស​ច្រើនជាង​ពីរពាន់​នាក់​ហើយ ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​ប៉ូលិស និង​ទាហាន​។​

​យ៉ាងណាក្ដី លោក Duterte បាន​ទាត់ចោល​ការរិះគន់​ទាំងឡាយ​មកលើ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​។ លោក​ក៏​ប្រកាស​ដែរ​ថា លោក​មិន​ត្រូវការ​ការណែនាំ​ណាមួយ​ពី​អាមេរិក​ឡើយ ហើយ​មានតែ​ប្រជាជន​ហ្វីលីពីន​ប៉ុណ្ណោះ ដែល​លោក​គោរព​។ ជារឿយៗ ប្រធានាធិបតី​ហ្វីលីពីន ក៏​តែង​សួរ​បក​ទៅ​អាមេរិក​វិញ ជុំវិញ​ការបាញ់សម្លាប់​នៅ​អាមេរិក ក៏ដូចជា​អ្វីដែល​កើតឡើង​នៅ​ហ្វីលីពីន​ពី​អតីតកាល​ដែរ​៕