ក្ដីក្ដាំ​លើ ​កឹម សុខា៖ CNRP ព្រមាន​ធ្វើ​«មហា​បាតុកម្ម»

បន្ទាប់ពីសាលក្រម របស់តុលាការសាលាដំបូង បានធ្លាក់ចុះមករួច គណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួន​នឹង​ធ្វើ​«មហា​បាតុកម្ម» ប្រសិនជាងការតស៊ូ តាមបែបសន្តិវិធី សុំឲ្យទម្លាក់ការចោទប្រកាន់ តាមផ្លូវ​តុលាការ ទៅ​លើ​មេដឹកនាំ​របស់​ខ្លួន មិន​ទទួល​បាន​ជោគជ័យ។
ក្ដីក្ដាំ​លើ ​កឹម សុខា៖ CNRP ព្រមាន​ធ្វើ​«មហា​បាតុកម្ម»

រូបថតពីក្រោយខ្នង របស់មេដឹកនាំទាំងពីរ របស់គណបក្សសង្គ្រោះជាតិ ដែលចាប់ដៃគ្នាបង្ហាញពីក្រុមបាតុករ កាលពីខែតុលា ឆ្នាំ២០១៣។ (រូបថតលើហ្វេសប៊ុក)

ប្រតិកម្មជាផ្លូវការ ទាក់ទងនឹងសាលក្រម របស់សាលាដំបូងរាជធានី ដែលសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល បានធ្លាក់មកដល់ហើយ។ នេះបើតាមសេចក្ដី​ថ្លែង​ការណ៍​មួយ របស់​គណបក្សប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនឹងទទួលបាន នៅមុននេះបន្តិច។

សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលយកមិនបាន នូវសាលក្រមខាងលើ ហើយ​នៅតែបន្តការតស៊ូដោយសន្តិវិធី ដើម្បីទាមទារឲ្យទម្លាក់ចោល នូវការចោទប្រកាន់ មកលើ«លោក កឹម សុខា សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត»។

គណបក្សប្រឆាំងបានចាត់ទុកសាលក្រម របស់សាលាដំបូង ថាធ្វើឡើងក្រោមសម្ពាធនយោបាយ នៃ​គណបក្ស​កាន់អំណាច ហើយបានព្រមានថា គណបក្សនឹងប្រើប្រាស់សិទ្ធ «ធ្វើមហាបាតុកម្ម​​ដោយ​អហិង្សា» ប្រសិន​ណា​ជា​ការ​​ទាមទារ​​ខាង​​លើ មិនទទួលបានលទ្ធផល។

សេចក្ដីថ្លែងការណ៍ បានសរសេរនៅចុងបញ្ចប់ថា៖ «គណបក្សសង្គ្រោះជាតិ អំពាវនាវដល់​ប្រជាជន​ខ្មែរ​ចូលរួម​ជាមួយ​គណបក្ស (...) ដើម្បីការពារសិទ្ធិសេរីភាព របបប្រជាធិបតេយ្យ សេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។

ក្ដីក្ដាំ​លើ ​កឹម សុខា៖ CNRP ព្រមាន​ធ្វើ​«មហា​បាតុកម្ម»

គួរបញ្ជាក់ដែរថា តុលាការ​សាលាដំបូងរាជធានីភ្នំពេញ ទើបនឹងសម្រេច​ផ្ដន្ទាទោស​អនុប្រធាន (សព្វថ្ងៃជា​ប្រធាន​ស្ដីទី) ​គណបក្ស​​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ជាប់​​ពន្ធនាគារ ចំនួន​៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨សែន​រៀល តាម​មាត្រា​៥៣៨ នៃ​​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ពីបទ«បដិសេធមិនចូលខ្លួន» តាមដីកាកោះ​របស់​ចៅក្រម​ស៊ើប​សួរ។

កាលពីប៉ុន្មានខែមុន គណបក្សសង្គ្រោះជាតិក៏ធ្លាប់បានព្រមានធ្វើមហាបាតុកម្ម ដូចនេះដែរ តែ​រហូតមកដល់ថ្ងៃនេះ មហាបាតុកម្មនោះ មិនត្រូវបានពន្លេចឲ្យចេញជារូបរាងទេ។ ក្រុមអ្នកឃ្លាំមើល​មួយ​ចំនួន បានសម្ដែងក្ដីទុទិដ្ឋិនិយមថា មហាបាតុកម្មគណបក្សសង្គ្រោះជាតិ ដែលមាន​ទ្រង់ទ្រាយ ដូចកាលពី​ក្រោយ​​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣​នោះ ទំនងជាមិនអាចទៅរួចទៀតទេ៕