សវនាការជំនុំជម្រះលោក កឹម សុខា នឹងបន្តនីតិវិធី ខណៈផ្លូវត្រូវបានបិទកុំឲ្យអ្នកគំាទ្រចូលក្នុងក្រុង

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងមេធាវីរបស់លោកគ្រោងធ្វើពហិការមិនចូលរួមការបើកសវនាការជំនុំជម្រះក្តីរបស់លោកនៅព្រឹកនេះពាក់ព័ន្ធការបដិសេធមិនបង្ហាញខ្លួននៅក្នុងតុលាការខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលគេរំពឹងថា នឹងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីជួបជុំគ្នាគាំទ្រដល់រូបលោក នឹងត្រូវធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលនៅជុំវិញរាជធានី។ លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យតាំងពីថ្ងៃទី២៦ខែឧសភាមក ពេលនគរបាលព្យាយាមមិនបានសម្រេចនៅក្នុងការចាប់ខ្លួនរូបលោកដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់ការសាកសួរជុំវិញសំណុំរឿង”សញ្ចរកម្ម” របស់ស្រីកំណាន់ដែលគេចោទថា ជារបស់លោក។ មន្ត្រីគណបក្សនេះបានលើកឡើងថា លោកគ្មានគម្រោងចាកចេញពីកន្លែងសង្ងំលាក់ខ្លួនសម្រាប់សវនាការនៅក្នុងថ្ងៃនេះឡើយ។ ក្រុមមេធាវីរបស់លោកបានចូលរួមនៅក្នុងតុលាការជំនួសមុខឲ្យលោកសម្រាប់ការសាកសួរតាំងពីខែឧសភាមក ប៉ុន្តែ ពួកគេបានលើកឡើងថា ខ្លួនគ្មានគម្រោងបែបនេះទេនៅក្នុងថ្ងៃេនះ។ លោកស្រី ម៉េង សុភារី មេធាវីមួយរូបក្នុងចំណោមមេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញថា “ជំហររបស់មេធាវីរបស់លោក កឹម សុខា គឺថា យើងនឹងមិនចូលរួមនៅក្នុងសវនាការនៅថ្ងៃស្អែកឡើយ ព្រោះយើងមានហេតុផលច្បាស់លាស់ដែលមានលាយលក្ខណ៍ជាអក្សរនៅក្នុងសំណើរបស់យើងទាមទារឲ្យពន្យារពេលសវនាការនេះ”។ ក្រុមអ្នកច្បាប់របស់លោក កឹម សុខា បានជំទាស់ថា សំណុំរឿងនេះគួរតែត្រូវបានច្រានចោលព្រោះលោក កឹម សុខា មានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោត ហើយថា សវនាការ នេះគួរតែផ្អាករហូតដល់តុលាការកំពូលសម្រេចលើបណ្តឹងមួយដែលអះអាងថា មានភាពមិនប្រក្រតីផ្នែកនីតិវិធីក្នុងសំណុំរឿងនេះ។ ទោះជាយ៉ាងណា លោក លី សុផាណា អ្នកនាំាពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា គ្មានអ្វីអាចរារាំងសំណុំរឿងនេះមិនឲ្យដំណើរការទៅមុខបានឡើយ ហើយលោកបានលើកឡើងម្តងទៀតអំពីបញ្ហានេះកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “ការបើកសវនាការនឹងបន្តតាមការគ្រោងទុក”។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនរំពឹងថា នឹងមានអ្នកគាំទ្រពីរបីពាន់អ្នកមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់ខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ដើម្បីឃ្លាំមើលស្ថានភាព និងបង្ហាញការគាំទ្រដល់លោក កឹម សុខា ហើយអ្នកគាំទ្របន្ថែមទៀតនឹងទៅផ្តុំគ្នានៅមុខតុលាការ។ ទោះជាយ៉ាងណា នគរបាលបានដាក់របាំងបិទផ្លូវនៅតាមផ្លូវធំៗទាំងអស់ឆ្ពោះមករាជធានីភ្នំពេញដើម្បីត្រួតពិនិត្យអ្នកគាំទ្រគណបក្សប្រឆាំងដែលធ្វើដំណើរមករាជធានី ហើយថ្នាក់ដឹកនាំបក្សនៅខេត្តបានលើកឡើងកាលពីម្សិលមិញថា នគរបាលនៅទីជនបទបានចាប់ផ្តើមរួចហើយនៅក្នុងការរារាំងមន្ត្រីគណបក្សសង្គ្រោះជាតិ។ លោក អ៊ុក សារឿន ក្រុមប្រឹក្សាស្រុកជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកចន្ទ្រាខេត្តស្វាយរៀងបានលើកឡើងថា ក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិពីរនាក់គឺលោក ញឹម សុផល ដែលប្រចាំនៅឃុំសំរោង និងលោក មាស គង់ ដែលប្រចាំនៅឃុំទួលស្តីត្រូវបាននគរបាលឃាត់ខ្លួនចម្ងាយប្រហែល៨គីឡូម៉ែត្រពីទីរួមខេត្ត ហើយត្រូវបានបញ្ឈប់មិនឲ្យធ្វើដំណើរមករាជធានីភ្នំពេញឡើយ។ លោក អ៊ុក សារឿន បានមានប្រសាសន៍ថា “ពួកគាត់ធ្វើដំណើរតាមម៉ូតូមករាជធានីភ្នំពេញដើម្បីជួបជុំគ្នានៅទីស្នាក់ការកណ្តាលរបស់បក្ស ប៉ុន្តែនគរបាលបានដេញតាមបញ្ឈប់ ហើយឃាត់ខ្លួនពួកគាត់អស់ពីរបីម៉ោងមុនពេលដោះលែងពួកគាត់វិញ បន្ទាប់ពីពួកគាត់យល់ព្រមត្រឡប់ទៅផ្ទះ”។ លោកបន្ថែមថា “ពេលខ្ញុំធ្វើអន្តរាគមន៍ អធិការនគរបាលស្រុកបានប្រាប់ខ្ញុំថា គាត់មិនអាចអនុញ្ញាតឲ្យអ្នកទាំងពីរនេះធ្វើដំណើរមករាជធានីភ្នំពេញបានឡើយ ហើយគាត់បានប្រាប់ខ្ញុំថា យើងគួរតែទុកឲ្យថ្នាក់ជាតិដោះស្រាយបញ្ហា”។ ក្រុមប្រឹក្សាស្រុករូបនេះបានលើកឡើងបន្តថា រថយន្តមួយគ្រឿងដែលដឹកក្រុមប្រឹក្សាស្រុកនិងឃុំជាប់ឆ្នោតចំនួន៣០នាក់មកពីគណបក្សសង្គ្រោះជាតិក៏ត្រូវបានបញ្ឈប់ផងដែរនៅក្បែរស្រុករមាសហែកខណៈរថយន្តនេះធ្វើដំណើរឆ្ពោះមករាជធានីភ្នំពេញ ហើយមន្ត្រីទាំងនេះត្រូវបានបង្ខំឲ្យចុះពីរថយន្ត ។ លោក ពេជ្រ សាវ៉ាន់ អភិបាលរងខេត្តបានលើកឡើងថា លោកមិនដឹងអំពីហេតុការណ៍បែបនេះនោះឡើយ។លោក សូ ស៊ីថន […]

The post សវនាការជំនុំជម្រះលោក កឹម សុខា នឹងបន្តនីតិវិធី ខណៈផ្លូវត្រូវបានបិទកុំឲ្យអ្នកគំាទ្រចូលក្នុងក្រុង appeared first on The Cambodia Daily.