អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​២៩​នាក់ ស្រី​១១​នាក់ ក្នុង​ចំណោម​នោះ​មាន​ក្មេង​៤​នាក់ ដែល​មក​តាម​បណ្តា​ខេត្ត​ក្រុង​ ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ញ្ញា ឆ្នាំ​២០១៦​។

ហេតុការណ៍​នេះ​កើតឡើង​ នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​។ ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ យ៉ា​ន សុ​ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង​ក្រឡ ឃុំ​សាមគ្គី ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ក្នុង​ចំណោម​២៩​នាក់​បាន​រៀបរាប់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ជា​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​ ចូល​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយសា​តែ​ចាញ់បោក​មេខ្យល់​ ឈ្មោះ​ចិន អះអាង​ថា នឹង​ជួយ​រក​ការងារ​ឳ្យ​ធ្វើ លុះ​ទៅ​ដល់​ខេត្ត​ណា​ខន​ភ្នំ ជាប់​ព្រំដែន​នឹង​ប្រទេស​ឡាវ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។

នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​មក​ប្រគល់​ឲ្យ​កម្ពុជា​វិញ​។ មន្ត្រី​បម្រើ​ការងារ​នៅ​ មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ស្រី​១១​នាក់ ក្នុង​នោះ​ក្មេង​៤​នាក់ មក​ពី​ខេត្តឧត្តរមានជ័យ​១៣​នាក់ មក​ពី​ខេត្តបន្ទាយមានជ័យ​២​នាក់ មក​ពី​ខេត្តកំពង់ចាម​២​នាក់ មក​ពី​ខេត្តបាត់ដំបង​២​នាក់ មក​ពី​ខេត្តតាកែវ​២​នាក់ មក​ពី​ខេត្តស្ទឹងត្រែង​៥​នាក់ មក​ពី​ខេត្តសៀមរាប​៣​នាក់​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ រួច​ដោះ​លេង​ឲ្យ​ទៅ​លំនៅ​ ស្ថាន​វិញ​នា​ថ្ងៃ​ដដែល​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា គ្រាន់តែរយៈពេល១ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៥ កន្លងទៅ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត សរុប ៥៥.៦២៦នាក់ ក្នុងចំណោមពលករខ្មែរ ដែលត្រូវបានចាប់បញ្ចូន មកមានពលករ ៩០១នាក់ ក៏ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារផងដែរ។

នេះបើយោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិដែលបានដកស្រង់ ពីរបាយការណ៍របស់ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

របាយការណ៍ខាងលើបន្តថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ ត្រូវគេមើលឃើញថា បានលួចចាកចេញតាមច្រករបៀង និងច្រកអន្តរជាតិ តាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួនឯង។​​ គ្រាន់តែរយៈពេល១ឆ្នាំ គឺក្នុងឆ្នាំ២០១៥ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរ បម្រុងទៅ រកការងារធ្វើខុសច្បាប់ ចំនួន៤១លើក សរុបពលករ៧១១នាក់ ក្នុងនោះស្រី២៣៨នាក់ កុមារ៧៤នាក់។

រយៈពេល២ថ្ងៃចុងក្រោយ បានធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រី ចំនួន៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះ ជិះរថយន្ត៣គ្រឿង ចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យ បម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករទាំង៣៨នាក់ ក៏ត្រូវបានដោះលែងឲ្យត្រឡប់ទៅស្រុកវិញ ក្រោយពីមានការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការឆ្លងដែនខុសច្បាប់តទៅទៀតនោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ

អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​២៩​នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ