បឹង​កេតអង្គរ​ អាច​លើក​ពានលីគ​២០១៦​​បាន​អត់​ល្ងាច​នេះ?

ក្រុម​បឹង​កេត​អង្គរ ​នឹង​ត្រូវ​ប្រកួត​ចុង​ក្រោយ​បិទ​រដូវ​កាល​ប៉ះ​ជាមួយ​ក្រុម​ប៉ូលិស​នា​ម៉ោង​៦​ល្ងាច​​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប្រសិន​បើ​បឹង​កេត​កេត​ឈ្នះ​ប្រកួត​នេះ ​នោះ​ពួកគេ​នឹង​អាច​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​ជា​លើក​ទី​២​បាន​ហើយ បើ​ទោះ​ជា​ល្ងាច​មិញ​ក្រុម​ក្រសួង​ការពារ​ជាតិ​ឈ្នះ​អាស៊ី​អឺរ៉ុប​ដោយ​លទ្ធផល​ ៤-១ មាន​ពិន្ទុ​លើ​បឹងកេត​អង្គរ​២​ពីន្ទុ​ក៏​ដោយ។

 

បឹង​កេតអង្គរ​ អាច​លើក​ពានលីគ​២០១៦​​បាន​អត់​ល្ងាច​នេះ?

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​និយាយ​ថា​ ក្រុម​របស់​លោក នឹង​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​​ ចាន់​ វឌ្ឍនាកា ​នោះ​ទេ ដោយសារ​តែ​ទទួល​បាន​កាត​លឿង​២​ដង។ អវត្តមាន​កីឡាករ​រូប​នេះ អាច​នឹង​ធ្វើ​ឱ្យ​បឹង​កេត​ជួប​ការ​លំបាក​នៅ​តំបន់​ខាង​លើ ប៉ុន្តែ​គ្រូ​បង្វឹក​វ័យ​៤៣​ឆ្នាំ​រូប​នេះ​​តែ​មាន​ជំនឿ​ចិត្ត​ថា​ទទួល​បាន​ជ័យជម្នះ ​និង​លើក​ពាន​រង្វាន់​បាន។

 

ចំណែក​ឯ​ក្រុម​របស់​ប៉ូលិស​វិញ ​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ ។ ​លោក សារ៉េត ស៊ីដន ​គ្រូ​ជំនួស​ក្នុង​ក្លឹប​មួយ​នេះ ​បញ្ជាក់​ថា ​ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​លេង​ក្នុង​ប្រកួត​ចុង​ក្រោយ​នេះ ឱ្យ​បាន​ល្អ​បំផុត ​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ។

 

បឹង​កេតអង្គរ​ អាច​លើក​ពានលីគ​២០១៦​​បាន​អត់​ល្ងាច​នេះ?

 

ជំនួប​១០​ដង​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​នេះ​ គឺ​បឹង​កេត​ឈ្នះ​បាន​៤​ដង ​ស្មើ​គ្នា​៣​ដង ​និង​ប៉ូលិស​ឈ្នះ​បាន​៣​ដង។ ដោយ​ឡែក​ក្នុង​រដូវ​កាល​នេះ កាល​ពី​ជើង​ទី​មួយ ​បឹង​កេត​លត់​ប៉ូលិស​យ៉ាង​ចាស់​ដៃ ៧-១ ​ឯ​ណោះ។ ដូច្នេះ​មាន​តែ​ចាំ​មើល​ការ​ប្រកួត​ល្ងាច​នេះ ទើប​​ដឹង​ថា​នរណា​ជា​អ្នក​ឈ្នះ​​ពិត​ប្រាកដ? ​ប្រសិន​បើ​បឹង​កេត​ភ្លាត់​ចាញ់​ឬ​ស្មើ នោះ​ឱកាស​លើក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​នេះ មិន​អាច​ទៅ​រួច​នោះ​ទេ។

 

ក្រៅ​ពី​ប្រកួត​នេះ​ទៅ ក៏​មាន ២​គូ​ផ្សេង​ទៀត​ដើម្បី​បិទ​រដូវ​កាល​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​នេះ​ដែរ គឺ​ក្រុម​វេស្ទើន​ប៉ះ​ស៊ីម៉ាក់​នៅ​ម៉ោង​ ៣:៣០​នាទី​រសៀល ​នៅ​កីឡដ្ឋាន​វេស្ទើន និង​ក្រុម​ណាហ្គាវើល ​ប៉ះ​ខេមបូឌានថាយហ្គ័រ ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៣:៣០​នាទី៕

 

អត្ថបទ៖ មុន្នី រម្យ