សម្តេច​តេ​ជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​បានចាក​ចេញ​ពីកម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​​ចាក​ចេញពី​កម្ពុជា​ហើយ នាវេលាម៉ោង០៨ព្រឹកថ្ងៃទី​១០ កញ្ញា ២០១៦ ដើម្បី​ទៅ​ចូលរួម​ការ​តាំង​ពិ​ព័រ​ណ៌​អាស៊ាន​-​ចិន លើក​ទី​១៣ ដែល​មាន​ប្រធានបទ «​ការ​កសាង​ផ្លូវ​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១ និង​វេទិកា​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន លើក​ទី​១» ដោយ​ចាប់​ថ្ងៃ​ទី​១០-១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ណា​ន​នី​ញ ខេត្ត​ក្វា​ង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

គួររំលឹកថា បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុកបាន​បញ្ជាក់​​ថា​ «​នៅ​ប្រទេស​ឡាវ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ល្អ ជា​មួយ​នាយក​រដ្ឋមន្ត្រី​ចិន​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​ក្នុង​នោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ពា​ណិ​ជ្ច​កម្ម វិនិយោគ​ទេសចរណ៍​។​ល​។ ជា​អាទិភាព​នៃ​កិច្ច​ពិភាក្សា​។

នាយក​រដ្ឋមន្ត្រី​ចិន​បាន​ប្រកាស​ផ្តល់​ឱ្យ​កម្ពុជា​ នាំ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ពី​ចំនួន​១០​ម៉ឺន​តោន ទៅ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដោយ​រួច​ពន្ធ​។ ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន ដើម្បី​ពង្រីក​ទីផ្សារ​សំរាប់​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត ។