ពលរដ្ឋ​ខ្មែរ​បាត់​ខ្លួន​ដោយ​ទាហាន​ថៃ​បាញ់ បាន​ត្រឡប់​មក​ផ្ទះ​វិញ

ឧត្តរមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ ដែល​ឡើង​ភ្នំរ​កកាប់​ឈើ​គ្រញូង ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឱ្យ​រង​របួសធ្ងន់ និង​បាន​បាត់​ខ្លួន វង្វេង​នៅ​ក្នុង​ព្រៃ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា​ម្សិលមិញ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​មាន​ស្ថានភាព​របួសធ្ងន់ ចំណែក​អ្នក​ស្លាប់ គេ​នៅ​មិន​ទាន់​រក​ឃើញ​សាកសព​នៅឡើយ​ទេ​។

ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ ពី​សំណាក់​ទាហាន​ថៃ​បាញ់ និង​បាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ មានឈ្មោះ ហ៊ាន ប៊ុល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែល​ស្ថានភាព​របួស​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង ចំ​បោះដៃផុត​ខាងស្តាំ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​។

ដោយឡែក​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ នៅ​មិន​ទាន់​បាន​រក​ឃើញ​ក​សព​នៅឡើយ​ទេ ដែល​មានឈ្មោះ អ៊ា​ត អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​។

តាម​ការ​រៀបរាប់​ពី​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ឈឹ​ម សា​វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ដែល​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ៤​នាក់ បាន​រត់គេច​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ បាន​រៀបរាប់​ថា ក្រុម​ខ្លួន​មាន​គ្នា​ចំនួន ៦​នាក់ បាន​ឡើង​ភ្នំរ​កកាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ឡើង​តាម​ចំណុច​ច្រក​តាសក់ និង​អូរ​កាច់ក ក្រោម​ការ​រៀបចំ​ពី​ថៅ​ឈើ​ឈ្មោះ ពៅ និង​ជាមួយ​មន្ត្រី​យោធា លោក គង់ ខ្នា មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ហើយ​ត្រូវ​ទាហាន​ថៃ​បាញ់​នៅ​ចំណុច​ក្បែរ​វត្ត​ខាវ​សាលា ក្នុង​ដី​ថៃ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើង​បាន​ទំនាក់ទំនង សុំ​បំភ្លឺ​ទៅ​លោក គង់ ខ្នា នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​នេះ តាម​ទូរស័ព្ទ​តែ​ពុំ​មាន​អ្នក​ទទួល​លើក ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​។ ហើយ​តាម​ការ​លើក​ឡើង​ពី​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ភូមិ​ជាប់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​យោធា ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ជា​រៀងរាល់ថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ បាន​ឡើង​ភ្នំ​ឆ្លង​ដែនរ​កកាប់​ឈើ​គ្រញូង តាម​ច្រក​តា​ទុំ ច្រក​អូរ​កាច់ក ច្រក​បាត់​តា​វែង និង​ច្រក​តាសក់ ក្រោម​ការ​គ្រប់គ្រង​របស់​លោក គង់ ខ្នា។

ហើយ​ករណី​បាញ់​ ពី​សំណាក់​ទាហាន​ថៃ​ខាងលើ កន្លង​មក​តែងតែមាន​សកម្មភាព​កើត​ឡើងជា​ញឹកញាប់ ដែល​មន្ត្រី​យោធា​ខាងលើ ព្យាយាម​លាក់បាំង​ជា​និច្ច​។ ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ ភ្នាក់ងារ​ព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​ នៅ​ថ្ងៃ​ដដែល​តែ លោក​ប្រាប់​ថា ជាប់រវល់​ប្រជុំ​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។ បើតាមប្រភពព័ត៌មាន ពីយោធាមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវ នគរបាលថៃបាញ់ម្នាក់ រងរបួសជើងស្តាំ និងម្នាក់ទៀតរងរបួស ជើងឆ្វេងហើយនឹងដៃស្តាំ ដោយសារលួចឆ្លងដែន ទៅកាប់ឈើក្រញូង នៅប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុច ប៉ោយតាសក់ ខាងលិច បានប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុខភូមិបុស្សថ្លាន់ ស្រុកប៊ូឆេត ខេត្តសូរិន ប្រទេសថៃ បណ្តាលឲ្យរងរបួស។

ចំណែកជនរងគ្រោះទី១-ឈ្មោះ កាក់ សំដី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង រងបួសជើងឆ្វេង ២-ឈ្មោះ ដូន វី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងរបួសជើង ស្តាំនឹងដៃស្តាំ។ បច្ចុប្បន្នជនរងគ្រោះ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចថៃ បាញ់ប្រហារមកលើពលរដ្ឋកម្ពុជា ពេលឆ្លងដែន ខុសច្បាប់ ទៅកាប់ឈើក្រញូង បើទោះបីជាកម្ពុជា-ថៃ បានជួបប្រជុំនិងសុំការ យោគយល់គ្នាឲ្យបញ្ចប់ការ ធ្វើទារុណកម្ម និង បាញ់សម្លាប់ក៏ដោយ។

អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការ ដោះស្រាយចំពោះរឿងនេះផង ពេលនេះបាញ់រងរបួសលើក ក្រោយប្រហែលជា សម្លាប់ ជាបន្តបន្ទាប់ទៀតក៏មិនដឹង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពលរដ្ឋ​ខ្មែរ​បាត់​ខ្លួន​ដោយ​ទាហាន​ថៃ​បាញ់ បាន​ត្រឡប់​មក​ផ្ទះ​វិញ

ពលរដ្ឋ​ខ្មែរ​បាត់​ខ្លួន​ដោយ​ទាហាន​ថៃ​បាញ់ បាន​ត្រឡប់​មក​ផ្ទះ​វិញ

ពលរដ្ឋ​ខ្មែរ​បាត់​ខ្លួន​ដោយ​ទាហាន​ថៃ​បាញ់ បាន​ត្រឡប់​មក​ផ្ទះ​វិញ

ពលរដ្ឋ​ខ្មែរ​បាត់​ខ្លួន​ដោយ​ទាហាន​ថៃ​បាញ់ បាន​ត្រឡប់​មក​ផ្ទះ​វិញ