ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ប្រតិបត្តិការ​ដំឡើង​ភ្លើង​បំភ្លឺ

ខេត្តសៀមរាប ៖ ពិធី​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ស្តី​ពី​ប្រតិបត្តិការ​និង​ការ​ថែទាំ លើ​គម្រោង​ដំឡើង​ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​ខេត្ត រវាង​រដ្ឋបាល​ខេត្តសៀមរាប និង​ក្រុមហ៊ុន​មី​នេ​បៀ ខូ​អិ​ល​ធី​ឌី របស់​ប្រទេស​ជប៉ុន បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា នៅ​សាលាខេត្ត ដោយ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ជា​ភាគី​កម្ពុជា និង​លោក ហ៊ី​រ៉ូ​យូគី អាកា​ស៊ី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជា​ភាគី​ជប៉ុន ។

លោក ហ៊ី​រ៉ូ​យូគី អាកា​ស៊ឹ បាន​បញ្ជាក់​អំពី​ការ​ផ្គត់ផ្គង់​អំ​ពូ​ល​ភ្លើង LED Street lights និង គ្រឿង​សម្ភារ​បរិក្ខារ​ផលិតកម្ម និង​ធាតុ​នាំ​ចូល​ផលិតកម្ម​ដើម្បី​ដំឡើង Gatewey និង PCB Assy សម្រាប់​គម្រោង JCM ក្នុង​រយៈពេល ៣​ឆ្នាំ ។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ផ្គត់ផ្គង់​អំ​ពូ​ល​ភ្លើង LED Street lights ចំនួន​៦០០​អំ​ពូ​ល ដោយ​បែងចែក​ជា​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​នៅ​ខែធ្នូ ឆ្នាំ​២០១៦ និង​បញ្ចប់​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧  ហើយ​អំ​ពូ​ល​ចំនួន​៨៩៤ សម្រាប់​ដំណាក់កាល​ទី​២ ដោយ​អនុវត្ត​ពី​ឆ្នាំ​២០១៧ រហូត​ដល់​បញ្ចប់​គម្រោង ។

លោក​ហ៊ី​រ៉ូ​យូគី អាកា​ស៊ី បាន​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ទី​១​ឆ្នាំ​២០១៦ ក្នុង​មួយ​ដំណាក់កាល​ចំនួន​២០០​អំ​ពូ​ល ។ ក្នុង​ឆ្នាំ​២០១៦​នេះ នឹង​ធ្វើការ​បំពាក់​ឲ្យ​បាន​រួចរាល់​ដើម្បី​ក្រុមការងារ​ក្រសួងបរិស្ថាន​ប្រទេស​ជប៉ុន ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​វាយតម្លៃ​ផង​ដែរ ។ ម្យ៉ាងទៀត​គម្រោង​ដំឡើង​អំ​ពូ​ល​ភ្លើង LED Street lights ដើម្បី​កាត់​បន្ថយ​កំណើន​សារធាតុ​កាបូន និង​ជួយ​កាត់​បន្ថយ​សារធាតុបំពុល​បរិស្ថាន និង​បង្កើន​ភាព​វៃឆ្លាត​ក្នុង​ក្រុង​ទៀត​ផង ។ គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា នូវ​បច្ចេកវិទ្យា​ផលិតផល​ថ្មី និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​បំភ្លឺ​ផ្លូវ​តាម​រយៈ​ការ​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ថែម​ទៀត ។

លោក ពៅ ពិសិដ្ឋ ថ្លែង​ថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្គត់ផ្គង់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ក្នុង​គោលដៅ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​សន្តិសុខ សុវត្ថិភាព​សង្គម​ផង​ដែរ ។ ម្យ៉ាងទៀត ការ​ដាក់​ភ្លើង LED Street lights បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប  ដោយ​ផ្អែក​លើ​ភាព​ដៃគូ​ក្នុង​ការ​កាត់​បន្ថយ​កំណើន​សារធាតុ​កាបូន និង​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថាមពល​អគ្គិសនី ព្រមទាំង​កម្តៅ ការ​បំពុលបរិស្ថាន​ជាដើម ។ លោក​បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន មី​នេ​បៀ ដែល​បាន​អនុវត្ត​គម្រោង JCM ជា​គម្រោង​មិន​គិត​ពី​ផល​ចំណេញ​ក្រោម​ជំនួយ​មួយ​ផ្នែក​ពី​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​គោលបំណង​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​សាយ​ភាព​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។

ដើម្បី​ឲ្យ​ដំណើរការ​អនុវត្ត​គម្រោង​បាន​ទាន់​ពេលវេលា លោក​អភិបាលរង​ខេត្ត​ក៏​បាន​លើក​ឡើង​នូវ​គោលការណ៍​មួយ​ចំនួន​ដល់​ក្រុមហ៊ុន ក្នុង​ការ​ចាត់​បញ្ជូន​ក្រុមបច្ចេកទេស ត្រួតពិនិត្យ​មើលស្តង់ដារ​បង្គោល​ភ្លើង​ដែល​បាន​បំពាក់​រួច ព្រមទាំង​អនុវត្ត​គម្រោង​ឲ្យ​បាន​ទៅ​តាម​ប្រតិទិន​ដែល​បានគ្រោងទុក និង​ការ​ដំឡើង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​សាធារណៈ និង​ប្រព័ន្ធ​បញ្ជា​ផង​ដែរ ៕