គួរឱ្យខ្លាច! ​អ្នកណាហ៊ានចូលដូរលុយ បើលេងសុទ្ធតែចឹង​នោះ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ ខណៈ​ស្ត្រី២នាក់បានឈ្លោះគ្នាយ៉ាងខ្លាំង ដោយ​ម្នាក់​​ជា​អាជីវករ​ដូរ​លុ​យ និង​ម្នាក់ទៀត ជា​ស្ត្រី​ជា​កម្មការិនី ​ដោយ​ម្ខាង​អះអាង​​ថា ជា​ក្រដាសប្រាក់​១០០​ដុល្លារ តែ​ម្ខាង​ទៀត​ថា ជា​ក្រដាស​ប្រាក់​៥០​ដុល្លារ​ទេ ដែល​ហេតុការណ៍​នេះ​ បាន​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​តាំងពី​វេលា​ម៉ោង​០៨​ព្រឹក រហូត​ដល់​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០១៦ នេះ ស្ថិត​នៅ​​ផ្សារ​ត្រពាំង​ពោធិ៍ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​អាជីវករ​ខាងលើ​ឈ្មោះ​ស្រី​វ៉ា​ន់ (​ជា​អ្នកលក់​ខោអាវ និង​ដូរ​លុយ​) ។ ចំណែក​ស្ត្រី​កម្មការិនី មិន​បាន​ស្គាល់​ឈ្មោះ​​នោះ​ទេ ។

បើ​តាម​ស្ត្រី​​​កម្មការិនី​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ទើប​តែ​បើក​ប្រាក់ខែ​រួច ក៏​កាន់​ក្រដាស​១០០​ដុល្លារ ​មក​ដូរ​​យក​​លុយ​ខ្មែរ​នៅ​ទីតាំង​​ខាងលើ​នោះ ដោយ​ហុច​លុយ​នោះ​ទៅ​ឱ្យ​ស្ត្រី​ជា​ម្ចាស់​ដូរ​លុយ ហើយ​ឃើញ​ស្ត្រី​នោះ​កាន់​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ រួច​​បោះ​ចូល​ទូ​លុយ ។ ពេល​នោះ ក៏​មាន​អ្នក​ដូរ​លុយ​ម្នាក់​ទៀត​មក ត្រូវ​ស្ត្រី​នោះ​ដូរ​ឱ្យ​គេ​មុន ​លុះ​​ដល់​វេន​គាត់ ត្រូវ​ស្ត្រី​នោះ​បែរជា​ឱ្យ​លុយ​តែ​​៤០​ដុល្លារ និង​ប្រាក់​ខ្មែរ​៤​ម៉ឺន​រៀល​មកវិញ (​គិត​ទៅ​តែ​៥០​ដុល្លារ​) ខណៈ​ដែល​លុយ​គាត់​១០០​ដុល្លារ​ឯណោះ ។

ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មានការ​ប្រកែក​តតាំង​គ្នា ដោយ​ស្ត្រី​ជា​អ្នក​ដូរ​លុយ​​ថា លុយ​នោះ​តែ​៥០​ដុល្លារទេ រីឯ​ស្ត្រី​កម្មការិនី​គាត់​ថា លុយ​គាត់​១០០​ដុល្លារ ។ ទោះបីជា​មានការ​ប្រកែក​គ្នា​បែកផ្សែងយ៉ាងណា​ក៏​ដោយ ស្ត្រី​អាជីវករ​នៅ​តែ​អះអាង​ថា ជា​ក្រដាស​ប្រាក់​៥០​ដុល្លារ​ដដែល ។ ទីបំផុត ស្ត្រី​កម្មការិនី​រូប​នោះ បាន​ទៅ​យក​ធូប​មួយ​បាច់ ហៅ​ស្ត្រី​អាជីវករ​នោះ​មក​ស្បថ ​តែស្ត្រីអាជីវករ​ប្រកែកដាច់អហង្ការ​មិន​ធ្វើ​តាម​ទេ ។

ក្រោយ​​មក ក៏​ឃើញ​មិត្ត​របស់​ស្ត្រី​កម្មការិនីបាន​មក​​អូស​ដៃ​ចេញពី​កន្លែង​ដូរ​លុយ​នោះ ដោយ​ឃើញស្ត្រីកម្មការិនីនោះ​​យំ ​និង​​និយាយ​ដាក់​​អ្នកដូរលុយ​ថា «អ្នក​​ឯងធ្វើ អ្នកឯងនឹង​ទទួល​តាម​កម្មផល» ។

បើ​តាម​អ្នក​ជិតខាង​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​ខាងលើ​​បាន​មក​ខ្សឹប​ថា ទីតាំង​កន្លែង​ដូរ​លុយ​​​នោះ គឺ​កើតរឿង​ចឹ​ង​​ដូច​គ្នា ​កាលពី​កន្លង​មក ហាក់ដូចជា​រកស៊ី​បន្លំ​គេ​អ៊ីចឹង ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន ចៀសបានចៀសទៅ ។