បាក់​ច្រាំង​ទន្លេ ក្រសួង​រ៉ែ​និង​ថាមពល​ចុះ​បិទ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​មិន​គោរព​ច្បាប់

បាក់​ច្រាំង​ទន្លេ ក្រសួង​រ៉ែ​និង​ថាមពល​ចុះ​បិទ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​មិន​គោរព​ច្បាប់



ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​៧ កញ្ញា លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​តាម​ក្រុមហ៊ុន ដែល​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ចំនួន​៣​តំបន់​គឺ ទី​១-​តាម​ដង​ទន្លេមេគង្គ​លើ ទី​២-​តាម​ដង​ទន្លេមេគង្គ​ក្រោម និង​ទី​៣-​តាម​ដង​ទន្លេបាសាក់ ដើម្បី​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវ​ធ្វើការ​បូម​ឱ្យ​ត្រូវ​ចំណុច​គោលដៅ​ដែល​ក្រសួង​កំណត់​ឱ្យ ។ ពិសេស​ជាង​នេះ​ទៀត លោក​រដ្ឋលេខាធិការ​បាន​ចុះ​ពន្យល់​ណែនាំ និង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​លើ ត្រង់​ចំណុច​ភូមិ​ពាម ឃុំ​រកា​កោង ស្រុក​មុខកំពូល ដែល​បាន​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ ។

ក្នុង ​ប្រតិបត្តិការ​ពេញ​មួយ​ថ្ងៃនេះ ជា​លទ្ធផល​ក្រសួង​បាន​បិទ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​កន្លែង​ឈ្មោះ គង់ គឹ​ម​សឿង មាន​ទីតាំង​បូម​តាម​ដង​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​ចំការ​វែង ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​បូម​ខុស​ទីតាំង ដែល​ក្រសួង​កំណត់​រហូត​ដល់​ជិត​មួយ​ពាន់​ម៉ែត្រ ។

លោក​ រដ្ឋលេខាធិការ ឌិ​ត ទីណា បានឱ្យ​ដឹង​ថា ការ​ផ្អាក​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​កន្លែង​នេះ​ទុកជា​ការ​ព្រមាន​រយៈពេល​មួ ​យស​ប្តា​ហ៍ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គោរព​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង ៖
១-​រៀបចំ​បោះ​ពោង​ឡើង​វិញ
២-​ត្រូវ​មាន​ជី​ភី​អេស នៅ​លើ​អ៊ូ​បូម​ឱ្យ​ចំ​ចំណុច
៣-​មេការ​កាន់​អ៊ូ​បូម ត្រូវ​ចេះ​ប្រើប្រាស់​ជី​ភី​អេស
៤-​បំពាក់​ស្លាក​ឈ្មោះ ក្រុមហ៊ុន​ខ្លួន​នៅ​លើ​អ៊ូ​បូម និង​សា​ឡង់​របស់​ខ្លួន ។

លោក ​រដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់​ថា បើសិន​ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​នូវ​ចំណុច​ណាមួយ​ក្នុង​ចំណោម​គោលការណ៍ ​ទាំង​អស់នោះ​ទេ ក្រសួង​មិន​អនុញ្ញាត​ឱ្យ​បន្ត​អាជីវកម្ម​ជា​រៀង​រហូត ។ ការ​ព្រមាន​នេះ​ក៏​មិនមែន​សម្រាប់​តែ​ក្រុមហ៊ុន​មួយ​នេះ​ទេ គឺ​សំដៅ​ទៅ​លើ​គ្រប់​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ កម្ពុជា ។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏​បាន​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ផល​ប៉ះពាល់​ពី​ការ​បាក់ ឬ​ស្រុត​ច្រាំង​ទន្លេ​ថា ក្រសួង​បាន​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ចំពោះ​ផល​ប៉ះពាល់ និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នូវ​ការ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ ទាំងអស់ ចំនួន​៥​អាជ្ញាប័ណ្ណ កំពុង​ប្រតិបត្តិការ​បូម​ខ្សាច់​តាម​ដង​ទន្លេ​នេះ គឺ​មានការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង ​ឱ្យ​បូម​ចំ​គោលដៅ ដែល​ក្រសួង​បាន​កំណត់​គោលបំណង​រំដោះ និង​ជា​ការ​សង្គ្រោះ​កុំឱ្យ​មានការ​បាក់​ច្រាំង​ទន្លេ​ប៉ែក​ខាង​ប្រជាពលរដ្ឋ ​ដែល​នៅ​ទិស​ភាគ​ខាងលិច ។

ខ្សែ​ទឹកបាន​ហូរ​ខ្លាំង​នៅ​ចំណុច​ ខាងលិច រីឯ​នៅ​ទិស​ខាងកើត​វិញ បាន​គោក​រាក់​សម្បូរ​ទៅ​ដោយ​ដីខ្សាច់​ដុះ​ឡើង ទើប​ទឹកទន្លេ​មិន​បាន​ហូរ​ស្មើគ្នា​ចេះ​តែ​ហូរ​ម្ខាង បណ្តាល​ឱ្យ​មានការ​កួច​ខួង​បាក់​ស្រុត​ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​ផ្ទៃដី​ ស្រែ​ចម្ការ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ ។

លោក ​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា តាម​ការ​ពិត​ការ​បូម​នេះ​មិន​មានការ​ប៉ះពាល់​អ្វី​ទាំងអស់ គឺជា​ការ​ជួយ​រំដោះ​មុខទឹក​ហូរ​ទៅ​វិញ​ទេ ហើយ​បើសិនជា​មិន​មានការ​បូម​រំដោះ​ខ្សែទឹក​ទេ​ច្រាំង​ទន្លេ​នឹង​អាច​ប្រឈម​ ការ​បាក់​ស្រុត​កាន់តែ​ធ្ងន់ធ្ងរ ៕