ស្ថានភាព​នៃ​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​

កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ លោកស្រី រ៉ាវី​ណា ស្សាំ​ដា​សានី អ្នកនាំពាក្យ​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​លាតត្រដាង​អំពី​បរិយាកាស​គំរាមកំហែង​ទៅលើ​អ្នកនយោបាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​របស់​គណបក្ស​កាន់អំណាច​គាបសង្កត់​ធ្វើបាប​គណបក្សប្រឆាំង ព្រមទាំង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ជាដើម​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​ទទួលស្គាល់ថា អ្វីដែល​លោកស្រី រ៉ាវី​ណា ស្សាំ​ដា​សានី បាន​លាតត្រដាង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ការពិត​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​។ ដូច្នេះ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ស្នាក់ការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស មិនអាច​បិទបាំង​បានឡើយ​។

សូម​បញ្ជាក់ដែរថា​លោកស្រី រ៉ាវី​ណា ស្សាំ​ដា​សានី បាន​រិះគន់​ចំៗ​ជុំវិញ​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​លោកស្រី​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​ការ​សម្ញែង​កម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​នៅក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ការប្រកាសរ​បស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​ប្ដូរផ្ដាច់​ការពារ​រដ្ឋាភិបាល ការពារ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ​។ ទន្ទឹមនឹងនេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​នូវ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ព្រមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​ទទួលស្គាល់ថា ការលើកឡើង​របស់លោក​ស្រី រ៉ាវី​ណា ស្សាំ​ដា​សានី គឺជា​ការពិត​ទាំងស្រុង​ព្រោះ​បច្ចុប្បន្ន​ការគាបសង្កត់​ទៅលើ​គណ​បក្សប្រឆាំង​កាន់តែ​អាក្រក់​ឡើងៗ ហើយ​ប្រព័ន្ធតុលាការ​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​នយោបាយ​។

កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា​លោកស្រី​នឹងធ្វើ​បទ​បង្ហាញជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​លោកស្រី​បាន​រកឃើញ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​កាលពី​ខែមីនា ព្រមទាំង​ហេតុការណ៍​ដែល​កើតឡើង​មួយរយៈ​ចុងក្រោយ​នេះ​។ មានន័យថា​ស្ថានភាព​សិទ្ធិមនុស្ស​ក៏ដូចជា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ដឹងឮ​យ៉ាងច្បាស់​រួចទៅហើយ ដូច្នេះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិនអាច​បិទបាំង​ការពិត​បានទេ​។ ជាពិសេស​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​មេដឹកនាំ​គណបក្សជំទាស់ បាន​នាំមក​នូវ​សេចក្ដី​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​សម្រាប់​ការបោះឆ្នោត​ទាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨៕

fn-2016-05-16-09-13-41-1 a4cae28e-e61c-4674-a259-be6c5a0a8287 borykila-wmc