លោក កឹម សុខា បញ្ជាក់ថា​លោក​មិនបាន​លាក់ខ្លួន​ទេ តែ​ជាការ​តស៊ូ​នយោបាយ​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ចុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា លោក​មិនបាន​ផ្តោតលើ​ការចាប់ខ្លួន​លោក ឬ​អត់​ពី​សំណាក់​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា​អ្វីដែល​បានកើត​ឡើងមក​នេះ គឺជា​ឈុត​ឆាកនយោបាយ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លោក​មិនបាន​ផ្តោតលើ​ការចាប់ខ្លួន​លោក ឬ​អត់​នោះទេ ហើយ​ការដែល​លោក​បន្ត​ស្នាក់​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការធ្វើ​កូដកម្ម​នយោបាយ និង​តស៊ូ​នយោបាយ ដើម្បី​ទាមទារ​ភាពយុត្តិធម៌​នៅ​កម្ពុជា​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា បើទោះជា​រូបលោក​មាន​សេរីភាព​ពេញលេញ និង​អាចធ្វើ​សកម្មភាព​នយោបាយ​ចុះ​ទៅដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ក៏ដោយ ក៏​ភាពយុត្តិធម៌ ដំណើរការ​ប្រជាធិបតេយ្យ ពិសេស​ដំណើរការ​បោះឆ្នោត​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​រលូន​ល្អ​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ដែរ ព្រោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ត្រូវ​ជាប់ឃុំ និង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​សមត្ថកិច្ច​ដែល​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​។​

ចំពោះមុខ​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃនេះ លោក កឹម សុខា បាន​បញ្ជាក់ថា មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ទេ គឺមាន​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​សុទ្ធតែ​បានដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​បា​ន​ប្រើប្រាស់​ស្ថាប័នរដ្ឋ​មានដូចជា​តុលាការ រដ្ឋសភា ព្រឹទ្ធសភា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធ្វើជា​មធ្យោបាយ​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល ហើយ​ការគាបសង្កត់​នោះ គឺ​ធ្វើ​ដោយ​រំលោភបំពាន​ច្បាប់​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​ប្រព័ន្ធតុលាការ​វាយប្រហារ​ប្រឆាំង​មកលើ​សិទ្ធិ​នយោបាយ សិទ្ធិ​បោះឆ្នោត​របស់លោក មិនមែន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​តែប៉ុណ្ណោះ​ទេ លើសពីនេះទៅទៀត គឺជា​ការវាយប្រហារ​ទៅលើ​អ្នកប្រជាធិបតេយ្យ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ផងដែរ​៕

14199582_1456530234364271_5146042737346231773_n