សមាគម​រោងចក្រ​កាត់ដេរ​នៅ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ

តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អះអាង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០១៧ គឺ​អាច​កើន​ត្រឹម ១៤៤.២​ដុល្លារ បើ​ទោះ​ជា​ភាគី​សហជីព​ទាមទារ​អោយ​ដំឡើង​ពី ១៤០ ដល់ ១៩៧.៦​ដុល្លារ​ក៏ដោយ។ ខាង​ភាគី​សហជីព​មិន​សូវ​មាន​ជំនឿ​ថា និយោជក​អាច​ឡើង​ប្រាក់​ឈ្នួល​គោល​ដូច​ការ​ស្នើ​នោះ​ទេ តែ​បើ​ទោះ​បី​ជា​យ៉ាង​ណា ភាគី​នេះ​នឹង​ព្យាយាម​តស៊ូ​មតិ​បន្ថែម​ទៀត​ដើម្បី​អោយ​កម្មករ​មាន​ជីវភាព​សមរម្យ។

តំណាង​កម្មករ កម្មការិនី វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ក្រុម​សហជីព​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​ភាគី​រោងចក្រ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ពី​មូលហេតុ​ដែល​ទាមទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ។

បទ​បង្ហាញ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​ពិភាក្សា​ប្រាក់​ឈ្នួល​គោល នា​ទីស្ដីការ​ក្រសួង​ការងារ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បាន​អោយ​ដឹង​ថា ការ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ​ដល់​ទៅ​ជិត ១៨០​ដុល្លារ​នេះ គឺ​ដើម្បី​អោយ​កម្មករ និយោជិត​អាច​រស់​នៅ​សមរម្យ ដោយ​ផ្អែក​លើ​កត្តា​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន។

​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​នេះ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​ភាគី​និយោជក​ថា អត្រា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​និយោជក​មានលទ្ធភាព​អាច​ផ្ដល់​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៧ គឺ​មិន​លើស​ពី​អត្រា​អតិផរណា​ដែល​មាន​ចំនួន​ប្រហែល​តែ ៣% តែប៉ុណ្ណោះ។ ដូច្នេះ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​គួរ​តែ​ត្រូវ​កំណត់​មិន​លើស​ពី ១៤៤.២០​ដុល្លារ​ប៉ុណ្ណោះ។

តំណាង​នៃ​ភាគី​រោងចក្រ​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​រោងចក្រ​យ៉ាង​ហោច​ណាស់​មួយ​បាន​បិទទ្វារ​ជា​រៀងរាល់​សប្ដាហ៍ ដែល​ជា​កត្តា​មួយ​ដែល​បង្ហាញ​ថា រោងចក្រ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក​ទៅៗ ដូច្នេះ​ការ​កំណត់​កែប្រែ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​ធ្វើ​ឡើង​ក្នុង​ភាព​ត្រឹមត្រូវ និង​ប្រុង​ប្រយ័ត្ន ហើយ​ការ​ទាមទារ​អោយ​ឡើង​ប្រាក់​ឈ្នួល​គោល​រហូត​ដល់ ១៧៩.៦​ដុល្លារ គឺ​ជា​ចំនួន​លើសលប់​ដែល​មិន​អាច​ទទួល​បាន៖ «»។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បាន​បដិសេធ​ពី​មូល​ហេតុ​ដែល​លើក​ឡើង​ថា រោងចក្រ​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ការ​បិទ​នោះ​ថា ជា​តួលេខ​ពី​ក្រសួង​ការងារ គឺ​មាន​ចំនួន ១០៣​រោងចក្រ ទន្ទឹម​នឹង​មាន​ការ​បើក​ថ្មី​រហូត​ដល់ ១២៧​រោងចក្រ នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។

យ៉ាង​ណា​មិញ អ្នកស្រី ទេព គឹមវណ្ណារី ក៏​មិន​បាន​បង្ហាញ​គោលជំហរ​ដាច់​ខាត​ទៅ​លើ​ការ​ទាមទារ​អោយ​បាន​ប្រាក់​ឈ្នួល​គោល​រហូត​ដល់​ទៅ​ជិត ១៨០​ដុល្លារ​នេះ​ដែរ តែ​យ៉ាង​ណា​គ្រាន់តែ​សង្ឃឹម​ថា នឹង​អាច​កើន​ឡើង​ជាង​ប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន៖ «»។

ក្នុង​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​ឆ្នាំ​២០១៧ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទទួល​ស្គាល់​ពី​កិច្ច​សហការ​ពី​ភាគី​ក្រសួង​ការងារ ដោយ​អោយ​មាន​ការ​ជជែក​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​បង​ប្អូន​កម្មករ​ជា​រៀងរាល់​ឆ្នាំ។ តែ​លោក​ក៏​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អោយ​ធ្វើ​ការ​ពិភាក្សា​ដោយ​មាន​តម្លាភាព និង​គិត​ពី​ផលប្រយោជន៍​របស់​កម្មករ៖ «»។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី បញ្ជាក់​ថា ខាង​ភាគី​សហជីព​ទាមទារ​អោយ​ដំឡើង​ប្រាក់​ឈ្នួល​គោល យោង​តាម​កត្តា​សង្គម គឺ​ផ្អែកលើ​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ជាក់ស្ដែង​របស់​កម្មករ។ រី​ឯ​ចំណុច​ទី​២ គឺ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច ដូចជា​ផលិតភាព ការ​ប្រកួតប្រជែង ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​និយោជក​នៅ​ក្នុង​វិស័យ។

​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​៩ ខែ​កញ្ញា ជា​ការ​ពិភាក្សា​លើក​ដំបូង​លើ​ប្រាក់​ឈ្នួល​គោល​ដោយ​ភាគី​នីមួយៗ​តម្រូវ​អោយ​ធ្វើ​បទ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ទាមទារ​របស់​ខ្លួន។

នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ​នេះ ក្រសួង​ការងារ នឹង​ធ្វើ​ការ​ប្រជុំ​ជា​ត្រី​ភាគី​ម្ដង​ទៀត ដោយ​មាន​ការ​ជជែក​ដេញដោល​ពី​ការ​កំណត់​តម្លៃ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។