ពលរដ្ឋ​ស្រុក​ពញាឮ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​មេ​ឈ្មួញ ស៊ុយ សុផាន កំពុង​ប្រឈម​នឹង​ការលំបាក​គ្មាន​ទីបញ្ចប់​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅក្នុង​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ដែល​ត្រូវ​មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​កំពុង​ប្រឈម​នឹង​ការលំបាក​គ្មាន​ទីបញ្ចប់ ព្រោះ​គ្មាន​ដីធ្លី​សម្រាប់ធ្វើ​ស្រែប្រាំង​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តកណ្ដាល ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មេ​ឈ្មួញ ស៊ុយ សុផាន ប្រើ​អំណាច​ធ្វើបាប​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​ជម្លោះដីធ្លីរ​បស់​ពួកគាត់​ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​២០១៣-២០១៤ គឺ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​ដែល​ពួកគាត់​អាច​ទទួលយក​បានឡើយ​។

តំណាង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុងភូមិ​ពញាឮ ឃុំ​ពញាឮ បាន​ឲ្យ​ដឹងថា​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ត្រូវ​រដ្ឋ​ចែក​ឲ្យ​ក្នុ​មួយ​គ្រួសារ​ប្រមាណ​៦​អា​សម្រាប់​ធ្វើស្រែ​ដោះស្រាយ​ជីវភាព ក៏ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៣-២០១៤ បែរជា​មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច មក​អះអាងថា​ជា​ដី​របស់ខ្លួន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ទៅវិញ ហើយ​ធ្វើ​សកម្មភាព​ជីក​ទំនប់​ព័ទ្ធ​មិន​ឲ្យ​ពួកគាត់​ចូលទៅ​ធ្វើស្រែ​ប្រាំង​បាន​តទៅទៀត​ឡើយ​។ តំណាង​ពលរដ្ឋ​ភូមិ​ពញាឮ បាន​បញ្ជាក់ថា​ការពិត​មេ​ឈ្មួញ ស៊ុយ សុផាន បាន​ទិញ​ដី​ចាស់​នៅ​ភូមិ​ទួល​អម្ពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ប៉ុន្តែ​មេ​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​រូបនេះ មក​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​ស្រែប្រាំង​របស់​ពួកគាត់​ក្នុងភូមិ​ពញាឮ ជាង​១០០​គ្រួសារ​ទៅវិញ​។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​មេ​ឈ្មួញ ស៊ុយ សុផាន ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ព្រោះ​ពួកគាត់​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ពញាឮ មិនបាន​លក់​ដី​ឲ្យ​មេ​ឈ្មួញ ស៊ុយ សុផាន ទេ​។ លោក រស់ ស្រស់ អតីត​មេឃុំ​ពញាឮ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​កន្លងមក​លោក​បាន​ចុះហត្ថលេខា​ទិញ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច នៅ​ភូមិ​ទួល​អម្ពិល មិនមែន​នៅ​ភូមិ​ពញាឮ នោះទេ​ប៉ុន្តែ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បែរជា​មក​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពញាឮ​ទៅវិញ​។ ការតវ៉ា​រក​យុ​តិ្ត​ធម៌​តាមរយៈ​ប្រព័ន្ធតុលាការ​នាពេល​កន្លងមក គឺ​ប្រជាពលរដ្ឋ​បានឈ្នះ​ក្ដី​លើ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច របស់​មេ​ឈ្មួញ ស៊ុយ សុផាន ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​មកដល់ពេលនេះ​ពួកគាត់​នៅតែ​មិនអាច​ចូលទៅ​ធ្វើស្រែ​ប្រាំង​នៅលើ​ដីធ្លី​ដែល​រដ្ឋ​ចែក​ឲ្យ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​បានឡើយ​៕

suy-sophan​មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច a1-1 a1-2