ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកឈើ​ចេញ​តាម​ច្រករបៀង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មានការ​រិះគន់ថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​ឈ្មួញ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ ហើយ​មានការ​ថតរូប​ភាព​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ទៀតផង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ដែល​បន្តសកម្មភាព​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ក្នុងនោះ​មានដូចជា​ឈ្មោះ ណាក់​, ឈ្មោះ វ៉ៃ​, ឈ្មោះ នូ​, ឈ្មោះ ចាន់​ធី​, ឈ្មោះ ស្រី​ល័ក្ខណ៍​, ឈ្មោះ វ៉ែន និង​ឈ្មោះ ឆៃ ជាដើម​។ ក្នុងចំណោម​ឈ្មួញ​ទាំងនេះ​គឺ​ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ក្នុងស្រុក​អូ​រយ៉ា​ដាវ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ផ្សេងទៀត​នៅក្បែរៗ​នោះ​។ ចំណែក​ឈ្មួញ​ខ្លះ​ដែលមាន​ខ្នងបង្អែក​ក្រាស់ៗ​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​តែម្តង ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​រលូន​។

តាម​ប្រភពពី​ឈ្មួញ​មួយចំនួន​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគេ​ពុំបាន​ទទួលផល​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​មានការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ដើម្បី​សម្របសម្រួល​បើកផ្លូវ​។ ក្នុងនោះ​នៅតាម​ផ្លូវជាតិ​លេខ​៧៨ រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ភូមិ​ភិ ឬ​ច្រករបៀង​ភ្នំ​ក្រហម​ជាដើម ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នគរបាល​អន្តោប្រវេសន៍ និង​កម្លាំង​អាវុធហត្ថ​ផងដែរ ទើប​អាច​ទៅដល់​គោលដៅ​តាម​ការគ្រោងទុក​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​៕

dsds-3លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី  fn-2016-06-13-14-06-21-0 pic241 pic240