គ្រប់គ្នានិយាយលែងចេញ! ​ជាប៉ូលិសផងជាគ្រូបង្រៀនបើកបរផង តែមិន​គួរ​​…

ខេត្តស្វាយរៀង ៖ រឿង​គួរ​ឱ្យ​ហួសចិត្ត​មួយ ក្រោយ​ពី​បុរស​ម្នាក់​ ត្រូវគេស្គាល់ថា​ ជាលោកនាយក​សាលា​បង្រៀនបើកបរ​៧​មក​រា​​ បាន​បើក​រថយន្ត​ធ្លាក់​ចូល​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ បង្ក​ឱ្យ​ឱ្យ​មនុស្ស​ម្នា​នាំ​គ្នា​មក​ចោមរោម​មើល​យ៉ាង​កកកុញ ហើយ​សង្ស័យ​ថា អាច​មាន​អ្នករៀន​បើក​នៅ​ជាប់​ក្នុង​រថយន្ត​នោះ​ដែរ ខណៈ​ដែល​ឃើញ​តែ​លោកនាយក​ហែល​ចេញពី​ក្នុង​រថយន្ត​តែ​ម្នាក់ឯង លុះ​ពេល​សមត្ថ​កិច្ច​ទៅ​ដល់​សាកសួរ ទើប​ដឹង​ថា ក្នុង​រថយន្ត​មាន​តែ​លោកនាយក​ម្នាក់ឯង​ទេ ហើយ​មូលហេតុ គឺ​ដោយសារ​លោក​ស្រវឹង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេ​ល​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ខាងកើត​ស្ពាន​ហា​យ​វ៉េ ចម្ងាយ​២០០​ម៉ែត្រ ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

ជន​រង​គ្រោះ​ឈ្មោះ​អឿ​ន អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នគ​បាល និង​ជា​នាយក​សាលាបង្រៀន​បើកបរ​៧​មក​រា មាន​ទីលំនៅ​ភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​លោកនាយក​សាលា​បើករថយន្ត​បង្រៀន ម៉ាក​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-1552 ពណ៌​សំបក​ឪឡឹក តាម​ផ្លូវជាតិ​លេខ​១ ចេញពី​ហាង​ផឹកស៊ី​ក្នុងភូមិ​កើតហេតុ​ខាងលើ ពី​ទិស​ខាងកើត ទៅ​លិច យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ផង ។ គេ​ឃើញ​រថយន្ត​បាន​រេ​ពេញ​ដងផ្លូវ បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ ក៏​ធ្លាក់​ពីលើ​ថ្នល់ជាតិ​លេខ​១ ចូល​ទៅ​ក្នុង​ទឹក​អាង​ព្រែក​ទន្លេ​វ៉ៃ​គោ​លិច​បាត់ ។ ខណៈនោះ ក៏​បានឃើញ​ជន​រង​គ្រោះ​ងើប​ចេញពី​ក្នុង​រថយន្ត ហែល​មក​ច្រាំង​តែ​ម្នាក់ឯង ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ ត្រូវ​អ្នកដំណើរ​សង្ស័យ​ថា អាច​មាន​មនុស្ស​ជាប់​ក្នុង​រថយន្ត ព្រោះ​ជា​រថយន្ត​បង្រៀន​បើកបរ ក៏​ផ្អើល​ឆោឡោ រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ទើប​ដឹង​ថា ជន​រង​គ្រោះ​បើកបរ​រថយន្ត​តែ​ម្នាក់ ឯង គឺ​យក​រថយន្ត​បង្រៀន​បើកបរ​មក​ជិះ​ទៅ​ផឹកស៊ី ហើយ​ស្រវឹង​ទើប​បាត់​ម្ចាស់​ការ បើក​ធ្លាក់​ទឹកទន្លេ ។

នេះ​សំណាងល្អ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដទៃ​ទៀត ។ បច្ចុប្បន្ន រថយន្ត ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ស្ទួ​ច​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល​ប្រើប្រាស់​វិញ ។